ព័ត៌មានជាតិ

ស្នងការខេត្តបាត់ដំបង បញ្ជាក់ថា ទីតាំងល្បែងឆ្នោតផ្សងសំណាងបើកនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គឺមានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

BY
srey nuch
September 25, 2023

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ គេហទំព័រ សារព័ត៌មានអង្គរដេលី បានផ្សព្វផ្សាយនូវព័ត៌មានថាមានល្បែងស៊ីសងគ្រប់ប្រភេទតានអនឡាញមួយកន្លែងនៅក្នុងទឹកដីសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលស្នើសុំឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិសេសលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់វិធានការតាមផ្លូវច្បាប់។

ឃើញព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាន រួមគ្នាជាមួយសមត្ថកិច្ចនគរបាល ក្រុងបាត់ដំបងដែលមាន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ ចុះទៅដល់ចំណុចទីតាំងដែលបានផ្សព្វផ្សាយ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចចុះទៅដល់ទីតាំងនេះស្ថិតនៅក្រុមទី៤២ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឃើញមានកន្លែងលែងស្នូឃ័រចំនួន ០២តុ និងមានតុមួយដាក់កុំព្យូទ័រ បើកឆ្នោតផ្សងសំណាង និងបានធ្វើការសាកសួរបុគ្គលិកនៅទីនោះ គាត់ប្រាប់ថា ឆ្នោតផ្សងសំណាងនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវដែលចេញដោយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មមានសុពលភាពរហូតដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៧ហើយទីតាំងនេះមិនមានប្រព្រឹត្តិល្បែងភ្នាល់អ្វីផ្សេងតាមអនឡាញក្រៅពីឆ្នោតផ្សងសំណាងដូចការផ្សព្វផ្សាយរបស់គេហទំពរ័នោះឡើយ។

នៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣នេះដែរ យើងបានធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទរបស់លោកចាងហ្វាងនៃគេហទំព័រខាងលើចំនួន០២ប្រព័ន្ធគឺលេខ015699492និងលេខ0976368876
ជាច្រើនលើកដើម្បីធ្វើការបញ្ជាក់ចំពោះបញ្ហាពិតដែលផ្ទុយពីការផ្សព្វផ្សាយនិងស្នើឱ្យគេហទំព័ររបស់គាត់ធ្វើការកែតម្រូវឡើងវិញ ប៉ុន្តែលេខខាងលើហៅចូលតែមិនមានអ្នកទទួលឡើយ។ ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: