អន្តរជាតិ

កូរ៉េខាងជើងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការណ៍របស់ខ្លួនជាមួយនិងរុស្ស៊ីគឺជារឿងធម្មតានៃប្រទេសជិតខាងគ្នា

BY
Pheakdey
September 25, 2023

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះបានបញ្ជាក់ថា ទំទាក់ទំនងរវាងប្រទេសខ្លួនជាមួយនឹងប្រទេសរុស្ស៊ីគឺជារឿងធម្មតា និងជារឿងធម្មជាតិនៃប្រទេសជិតខាងគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការចេញមកធ្វើសេចក្តីបញ្ជាក់នេះគឺដើម្បីឆ្លើយតបទៅនឹងមតិរិះគន់របស់បណ្តាប្រទេសជាច្រើន​ ជាពិសេសកូរ៉េខាងត្បូង ជុំវិញដំណើរទស្សនកិច្ចរបស់លោក គឹម ជុងអ៊ុនទៅកាន់ទីក្រុងម៉ូស្គូកាលពីសប្តាហ៍កន្លងទៅនេះ។

កូរ៉េខាងជើងបាននិយាយច្បាស់ៗថា៖ “វាជារឿងធម្មតា និងជារឿងធម្មជាតិសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយគ្មានហេតុផលណាមួយហៅការអនុវត្តបែបនេះជារឿងខុសឆ្គងនោះទេ”។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាស់ខាងលើនេះគឺបានកើតឡើងក្រោយពេលលោក គឹម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបពិភាក្សាគ្នាដោយផ្ទាល់នៅទឹកដីរុស្ស៊ី និងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើបញ្ហាសំខាន់ៗជាច្រើនក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍នៃប្រទេសទាំងពីរ។ យ៉ាងណាក្តី សម្រាប់ក្រុមប្រទេសសេរីជាច្រើននៅជុំវិញពិភពលោកបានយល់ឃើញថា នៅក្នុងជំនួបរវាងលោក គឹម ជុងអ៊ុន និងលោក វ៉្លាឌីមៀរ ពូទីននោះគឺបានបង្កប់នូវកិច្ចព្រមព្រៀងសម្ងាត់មួយ ពោលគឺកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធពីសំណាក់កូរ៉េខាងជើងឲ្យទៅរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: