អន្តរជាតិ

E-sport នៅចិនរីកចម្រើនរហូតមានវគ្គបណ្តុះបណ្តាលនិងសញ្ញាប័ត្រទទួលស្គាល់ មានក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់វិនិយោគ រហូតមានការដោះដូរកីឡាករក្នុងតម្លៃខ្ទង់លានដុល្លារ ខណៈទីផ្សារក្នុងវិស័យមួយនេះនឹងកើនឡើងដល់ ៥៧ពាន់លានដុល្លារ

BY
Pheakdey
September 25, 2023

ចិន៖ ការសិក្សាមួយបានបង្ហាញថា វិស័យ E-sport នៅក្នុងប្រទេសចិនបានរីកចម្រើនយ៉ាងខ្លាំង រហូតដល់មានការបើកវគ្គបណ្តុះបណ្តាល មានសញ្ញាប័ត្របញ្ជាក់ការសិក្សា មានសណ្ឋាគារធំៗជាអ្នកផ្គត់ផ្គង់ទីផ្សារដើម្បីរកប្រាក់កម្រៃ និងមានទាំងការទិញ-លក់សមាជិកអ្នកលេងរវាងក្លឹបនិងក្លឹបដូចក្នុងទីផ្សារដោះដូរកីឡាករក្នុងពិភពបាល់ទាត់អីចឹងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Niko Partners ដែលជាក្រុមហ៊ុនចែកចាយនិងគ្រប់គ្រងទីផ្សារវីដេអូហ្គេមធំបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ីប៉ាស៊ីភិច។

បើតាមលោក Zeng Xiaofeng ដែលជាអនុប្រធានក្រុមហ៊ុន Niko Partners បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះចិនគឺជាទីផ្សារ E-sport ធំបំផុតនៅក្នុងពិភពលោកដោយចិនមានអ្នកលេងហ្គេមសរុបប្រមាណជា ៤៨៧លាននាក់។ លោក Zeng Xiaofeng បានបន្តថា E-sport នៅក្នុងប្រទេសចិនមិនមែនជាសកម្មភាពកំសាន្តធម្មតាឡើយ តែវាកំពុងវិវឌ្ឍន៍ទៅជាការវិនិយោគដ៏មានសក្តានុពលមួយក្នុងទម្រង់ស្រដៀងគ្នាទៅនឹងការវិនិយោគក្នុងវិស័យបាល់ទាត់នៅលើពិភពលោកអីចឹងដែរ ខណៈការដោះដូរ ឬទិញលក់កីឡាករអាចត្រូវបានធ្វើឡើងក្នុងតម្លៃរាប់លានដុល្លារចំពោះកីឡាករលំដាប់កំពូលៗ ។ អនុប្រធានក្រុមហ៊ុន Niko Partners បានបញ្ជាក់ផងដែរថា សម្រាប់ទីផ្សារ E-sport សកលគិតត្រឹមឆ្នាំកន្លងទៅនេះគឺមានតម្លៃ ៤៥ពាន់លានដុល្លារ ហើយតាមការព្យាករណ៍ទីផ្សារមួយនេះនឹងបន្តកើនឡើងប្រមាណជា ២៥%នៅក្នុងឆ្នាំ ២០២៧ ពោលគឺកើនឡើងរហូតដល់ ៥៧ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: