ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ដែលប្រើហិ.ង្សាលើនារីម្នាក់ បណ្ដាលឱ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង នៅខណ្ឌមានជ័យ

BY
Khmernote Media
September 26, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស វាយលើនារីម្នាក់ក្នុងផ្ទះសំណាក់មួយកន្លែង នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង០០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ យ៉េន សុនីតា ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ស្លាកស្នាមរងរបួស បណ្តាលឲ្យរបួសជាំភ្នែកស្តាំ, ជាំត្រចៀកឆ្វេង, ចុកពោះខាងឆ្វេង និងចុកពោះ។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង០០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ និង ជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤នាក់ មានឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ ស្រីលី ភេទស្រី អាយុប្រហែល ១៦ឆ្នាំជនជាតិ ខ្មែរ, ឈ្មោះ ស្រីរ៉ា ភេទស្រី អាយុប្រហែល ១៦ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ស្រីយូ ភេទស្រី អាយុប្រហែល ១៦ឆ្នាំ ជនជាតិ ខ្មែរ។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ យ៉េន សុនីតា និងមិត្តភក្តិសរុបមានគ្នាចំនួន ០៧នាក់ មានជនរងគ្រោះ, ឈ្មោះ គ្រុយ ស្រីលាភ, ឈ្មោះ ស្រីលី, ឈ្មោះ ស្រីរ៉ា, ឈ្មោះ ស្រីយូ, ឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ស្រីវីន ភេទស្រី អាយុប្រហែល ១៧ឆ្នាំ ជនជាតិ ខ្មែរ បាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់ នៅកន្លែងកើតហេតុចំនួន ០២ មានបន្ទប់លេខ២០៤,លេខ២០៥ ជាន់ទី២ ស្នាក់នៅរួមគ្នា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង០០នាទី ជនរងគ្រោះ និងជនសង្ស័យក៏បានជួលបន្ទប់ចំនួន ០២ បន្ទប់ទៀត មានបន្ទប់លេខ២១១ និងបន្ទប់២០៨ សរុបចំនួន ០៤បន្ទប់ បន្ទាប់មកជនរងគ្រោះបានចុះទៅទិញស្រាបៀរចំនួន ០៦កំប៉ុង មកនាំគ្នាផឹកស៊ី ពេលនោះជនរងគ្រោះបាននិយាយហើយនិយាយទៀត ថា ឈ្មោះ ស្រីលី លួចស្បែកជើងរបស់ខ្លួន តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ រហូតដល់ផឹកស្រាបៀរអស់ ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួនទៅដោយជនរងគ្រោះទៅដេកនៅបន្ទប់លេខ២០៥ ជាមួយឈ្មោះស្រីយូ រហូតដល់វេលាម៉ោង ០៦និង០០នាទី ជនរងគ្រោះបានចេញពីបន្ទប់ទៅគោះទ្វារបន្ទប់លេខ២០៤ ដែលឈ្មោះ ស្រីលី, ឈ្មោះ ស្រីរ៉ា កំពុងដេក ហើយអ្នកទាំងពីរនាក់បានទៅហៅឈ្មោះ គ្រុយ ស្រីលាភ ដែលកំពុងដេកនៅបន្ទប់លេខ២១១ ហើយអ្នកទាំងបីនាក់ឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ បាននាំគ្នាទៅជួបជនរងគ្រោះដែលកំពុងដេកជាមួយឈ្មោះ ស្រីយូ នៅបន្ទប់លេខ២០៥ ពេលទៅដល់បន្ទប់លេខ២០៥ ឈ្មោះ ស្រីលី បានសួរទៅជនរងគ្រោះថា ហេតុអ្វីបានជាចោទថាអញលួចស្បែកជើង ហើយជនរងគ្រោះនៅតែនិយាយថា ឈ្មោះ ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល ពេលនោះឈ្មោះ ស្រីលី , ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ក៏បានស្ទុះចូលទៅយកដៃ ជើង វាយទាត់ធាក់ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេង ទាត់ធាក់ចំពោះ និងផ្ទៃមុខ ហើយស្រែកថា ហេតុអីបានជាចោទថាអញលួចស្បែកជើងរបស់ង៉ែ.ង ចំណែកស្រីយូ បានយកទូរស័ព្ទមកថតពីសកម្មភាពដែលឈ្មោះ ស្រីលី,ឈ្មោះ ស្រីរ៉ា និងឈ្មោះ គ្រុយ ស្រីលាភ ព្រួតគ្នាវាយទៅលើជនរងគ្រោះ។

បន្ទាប់ពីធ្វើសកម្មភាពព្រួតគ្នាយកដៃ ជើង វាយទាត់ធាក់លើជនរងគ្រោះរួចហើយ ក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញទៅ។ ចំណែកឈ្មោះ ពេជ្រ មិនបានដឹងរឿងអ្វីឡើយ និងមិនបានចូលរួមធ្វើសកម្មភាពខាងលើទេ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: