កូរ៉េខាងត្បូងអនុវត្តច្បាប់កំណត់ឲ្យគ្រប់មន្ទីរពេទ្យទាំងអស់ត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់វះកាត់អ្នកជំងឺ
- BY
- Pheakdey
- September 26, 2023
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុវត្តច្បាប់ថ្មីមួយនៅក្នុងវិស័យសុខាភិបាលដោយតម្រូវឲ្យគ្រប់មន្ទីរពេទ្យទាំងត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់វះកាត់ដើម្បីថតរាល់សកម្មភាពវះកាត់អ្នកជំងឺទាំងអស់តាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand។ ការអនុវត្តច្បាប់ថ្មីនេះគឺត្រូវបានធ្វើឡើងដើម្បីតបតាមការសំណូមពររបស់ក្រុមអ្នកជំងឺនិងក្រុមគ្រួសាររបស់អ្នកជំងឺ ដែលចង់ដឹងច្បាស់អំពីរបៀបដែលក្រុមវេជ្ជបណ្ឌិតជំនាញធ្វើការវះកាត់ម្តងៗ។
ប្រភពខាងលើបានបន្តថា រាល់សកម្មភាពដែលបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពនោះទៀតសោធត្រូវតែរក្សាទុកឲ្យបាន ៣០ថ្ងៃក្រោយពេលវះកាត់ ទើបមន្ទីរពេទ្យនីមួយៗអាចមានសិទ្ធលុបចោលបាន។ បើតាមក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា ច្បាប់ថ្មីត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅហើយ ខណៈមន្ទីរពេទ្យណាដែលខកខានមិនបានអនុវត្តតាមច្បាប់នេះនឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៥លានវ៉ុន (ប្រហែល ៣,៧០០ដុល្លារអាមេរិក)។ ដោយឡែកចំពោះជនណាដែលធ្វើការចែកចាយវីដេអូក្នុងកាមេរ៉ាសុវត្ថិខាងលើដោយគ្មានការអនុញ្ញាត បំផ្លាញវីដេអូដោយចេតនា ឬក្លែងបន្លំវីដេអូក្នុងគោលបំណងទុច្ចរិតផ្សេងៗនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ៥០លានវ៉ុន (ប្រហែល ៣៧,០០០ដុល្លារអាមេរិក) ឬប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ National Thailand
- Share This Post:






