ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា៖ ការថតរូបភាព ឬវីដេអូ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន មិនមានការហាមឃាត់ទេ

BY
Khmernote Media
September 27, 2023

ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការថតរូបភាព ឬវីដេអូ នៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនទាំងអស់ថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ ជាក់ស្ដែង ការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។

ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរា ចំពោះគោលបំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាងក្រោម ដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញ មានលទ្ធភាពពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម៖

– ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា។

– ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។

– ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានា តាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់នោះទេ។

រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃធ្វើការងារយ៉ាងយូរ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority ​

Share This Post: