អន្តរជាតិ

ចិនបើកសម្ពោធមហាវិទ្យាល័យសិក្សាអំពីសត្វខ្លាឃ្មុំជាលើកដំបូង

BY
Pheakdey
September 27, 2023

ចិន៖ ប្រទេសចិនបានបើកសម្ពោធមហាវិទ្យាល័យដំបូងបំផុតមួយ ដែលមានការសិក្សាជាពិសេសអំពីសត្វខ្លាឃ្មុំយក្ស (Giant Pandas) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៧ ខែកញ្ញានេះ។ មហាវិទ្យាល័យថ្មីនេះត្រូវបានបង្កើតឡើងដោយការិយាល័យព្រៃឈើនិងវាលស្មៅនៃខេត្តស៊ីឈួនសហការណ៍ជាមួយសាកលវិទ្យាល័យ China West Normal University ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Nanchong នៃខេត្តស៊ីឈួន។

ប្រភពខាងលើបានបន្តថា កម្មវិធីសិក្សានៅក្នុងមហាវិទ្យាល័យខាងលើនេះគឺផ្តោតសំខាន់ទៅលើការស្រាវជ្រាវ ដំណើរជីវិត និងកិច្ចការពារសំខាន់ៗចំពោះពពួកសត្វខ្លាឃ្មុំជាច្រើនប្រភេទរួមទាំងសត្វខ្លាឃ្មុំយក្សផងដែរ ដែលជាប្រភេទសត្វដ៏កម្របំផុតនៅក្នុងប្រទេសចិន។

បើតាមលោក Wang Yuanjun ប្រធានផ្នែកសិក្សានៃសាកលវិទ្យាល័យ China West Normal University បានបញ្ជាក់ថា មហាវិទ្យាល័យថ្មីនេះគឺត្រូវបានបង្កើតឡើងសម្រាប់ក្រុមនិស្សិតដែលមានទំនោរចិត្តស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ និងមានឧបនិស្ស័យជាមួយសត្វព្រៃ ហើយមានគោលបំណងចង់ស្វែងយល់ឲ្យស៊ីជម្រៅអំពីជីវិតសត្វព្រៃ និងកិច្ចការពារសត្វព្រៃទាំងនោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: