ចូលរួមឱ្យច្រើនកុះករ! រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា
- September 27, 2023
ខេត្តស្វាយរៀល៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជ្រាបថា នៅឆ្នាំ២០២៣នេះ ខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបាន ទស្សនាកម្សាន្ត។

ដើម្បីឱ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសប្បាយរីករាយ និងមានភាពអធិកអធម រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាប ជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោក លោកស្រី ដែលមានទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ចង់ចូលរួមប្រណាំង សូមអញ្ជើញមកចុះឈ្មោះចូលរួមប្រណាំងនៅមន្ទីរទេសចរណ៍ខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរសព្ទលេខ ០១១ ៩៨៧ ៨៩៦។
រដ្ឋបាលខេត្ត មានសេចក្តីសង្ឃឹមជឿជាក់ថាសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសហការគាំទ្រ និងអញ្ជើញចូល រួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
- Share This Post:






