ព័ត៌មានជាតិ

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងកើនឡើងក្នុងកំរិតប្រកាសអាសន្នហើយ

BY
Khmernote Media
September 29, 2023

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កើនឡើង ក្នុងកំរិតប្រកាសអាសន្ន។

បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានប្រពន្ធ័សម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា។ យោងតាមការព្យាករសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង)នៃប្រពន្ធ័សម្ពាធទាប ខាងលើ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិចស្របជួរភ្នំដងរែក។ដំណើរនៃសម្ពាធទាប សកម្មដូចបានជម្រាបខាងលើអាចបណ្ដាតាមតំបន់ខ្ពង់រាបភាគឥសានខ្ពង់រាបភាគខាងជើងនិងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចមាន ភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកបានកើនឡើងក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន ។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនថាបន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាស ធាតុរួចមកឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។

យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀស ប្រជាពលរដ្ឋដែលងាយរងគ្រោះ ៕

ប្រភព៖ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់​

Share This Post: