សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអភិបាលរាជធានី ខេត្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់
- September 29, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមសារសំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមមធ្យោបាយ និងសម្ភារដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ដោយសារបញ្ហាទឹកជំនន់បានកើនឡើងនៅក្នុងប្រទេសរបស់យើង ហើយប៉ះពាល់ទៅតាមបណ្ដាខេត្តមួយចំនួន។ ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្តទាំងអស់ គឺត្រូវតែតាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ដែលប៉ះពាល់នៅក្នុងតំបន់របស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ សម្ភារ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមទៀតថា៖ « នៅក្នុងដំណាក់កាលនេះ គឺត្រូវត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារ ដើម្បីធ្វើយ៉ាងណាសង្គ្រោះទៅដល់ប្រជាពលរដ្ឋរបស់យើង ក្នុងករណីដែលមានទឹកជំនន់ ប៉ះពាល់នៅក្នុងតំបន់តាមបណ្ដារាជធានី ខេត្ត។ ខ្ញុំសូមឱ្យទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បន្តតាមដានឱ្យជាប់ ដោយសហការជាមួយអភិបាលរាជធានី ខេត្ត ដើម្បីត្រៀមមធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី ខេត្តត្រូវការ។ ហើយក៏សូមឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងកងទ័ពជើងគោក ជើងទឹក ជើងអាកាស ត្រៀមលក្ខណៈ មធ្យោបាយ កម្លាំង និងសម្ភារចាំបាច់ ក្នុងការត្រៀមអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់ដោយទឹកជំនន់នេះ»។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រៀមនូវស្បៀង និងសម្ភារបរិក្ខាចាំបាច់ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីដែលមានការស្នើសុំពី រាជធានី-ខេត្ត ៕






- Share This Post:






