អន្តរជាតិ

អាមេរិកប្រកាសផ្តល់រង្វាន់ ៥លានដុល្លារចំពោះអ្នកផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនមេក្លោងនៅពីក្រោយករណីធ្វើឃាតបេក្ខភាពប្រធានាធិបតីអេក្វាឌ័រ

BY
Pheakdey
September 29, 2023

អាមេរិក៖ សហរដ្ឋអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារចំពោះអ្នកណាដែលអាចផ្តល់ព័ត៌ឈានដល់ការចាប់ខ្លួនមេក្លោងនៅពីក្រោយករណីបាញ់សម្លាប់បេក្ខភាពប្រធានាធិបតីអេក្វាឌ័រ Fernando Villavicencio នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។

គួររម្លឹកជូនថា លោក Fernando Villavicencio ដែលជាបេក្ខជនលេចធ្លោក្នុងយុទ្ធការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសអេក្វាឌ័រត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងទីក្រុង Quito នៃប្រទេសអេក្វាឌ័រកាលពីថ្ងៃទី ៩ ខែសីហាកន្លងទៅ ពោលគឺនៅ ២សប្តាហ៍មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចូលមកដល់។ ក្រោយកើតមានករណីឃាតកម្មយ៉ាងឃោឃៅនេះប៉ូលិសអេក្វាឌ័របានឃាត់ខ្លួនជនសង្ស័យចំនួន ៦រូប ដែលជាក្រុមឧក្រិដ្ឋជនមកពីប្រទេសកូឡុំប៊ី ខណៈមេក្លោងធំដែលជាអ្នករៀបចំគម្រោងបាញ់សម្លាប់លោក Fernando Villavicencio នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: