ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់និងគាំទ្រ តាមគ្រប់មធ្យោបាយ លើមនុស្សចាស់
- September 30, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់និងគាំទ្រតាមគ្រប់មធ្យោបាយ លើមនុស្សចាស់ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ។

យោងតាមសារាចរ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ ដឹង កាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់ ក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ត្រូវ សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឱ្យបានអធិកអធម។
សម្តេចធិបតី បានបន្តថា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរ សាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាមគន្លងប្រក្រតីភាពថ្មី ដើម្បីបង្កើនការយល់ដឹង ឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។ ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរលើ ស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ សូមបន្តជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។
សម្តេចធិបតី បានបន្តទៀតថា គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវចុះសំណេះ សំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
សម្តេចធិបតី បានបន្ថែមថា ក្រសួងព័ត៌មានត្រូវណែនាំបណ្ដាញសារព័ត៌មានរដ្ឋនិងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្ស ចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈ៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






