ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា ការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើនៅសាលាក្រុង ស្រុក ខណ្ឌ ក៏បានដែរ

    BY Khmernote Media September 30, 2023
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា ការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើនៅសាលាក្រុង ស្រុក ខណ្ឌ ក៏បានដែរ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុកព័ត៌មានក្នុងស្រុក បានលើកឡើងនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានា ពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រ កំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគាត់ជួបប្រទះការលំបាកក្នុងការមកដាក់ពាក្យស្នើសុំកែតម្រូវ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម យកឱកាសនេះ សូមបំភ្លឺនូវការលើកឡើងខាងលើ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបាន ជ្រាបដូចខាងក្រោម៖

    អនុវត្តតាមស្មារតីនៃសេចក្តីណែនាំ ប្រជាពលរដ្ឋដែលមានកំហុសឆ្គងទិន្នន័យ អាចដាក់ពាក្យស្នើសុំកែតម្រូវ ទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន តាមរយៈរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នៃឃុំ-សង្កាត់ ដែលបងប្អូនបានចុះបញ្ជីអត្រានុកូលដ្ឋាន ឬជម្រើសមួយទៀត ប្រជាពលរដ្ឋអាចមកដាក់ពាក្យដោយផ្ទាល់នៅ នាយកដ្ឋានអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

    លើទិដ្ឋភាពជាក់ស្តែង កំហុសទិន្នន័យនៃឯកសារអត្រានុកូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមានលក្ខណៈ ចម្រុះ និងស្មុគស្មាញ។ កំហុសមួយចំនួនបានកើតឡើងដោយអចេតនា កំហុសមួយចំនួនបានកើតឡើងដោយ កង្វះការប្រុងប្រយ័ត្នរបស់មន្ត្រីជំនាញ និងកំហុសមួយចំនួនទៀតបានកើតឡើងដោយសារបងប្អូនប្រជាពលរដ្ឋ ខ្លះបានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ក្នុងគោលបំណងដំឡើងអាយុ ឬកែទិន្នន័យផ្សេងទៀតដើម្បីបំពេញបែបបទ ទៅបម្រើការងារ ឬបំពេញតម្រូវការផ្សេងៗ។

    ទោះជាយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងបន្តប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅដោះស្រាយបញ្ហាផងទាំងពួងឱ្យបានសមស្របជូន ប្រជាពលរដ្ឋ ស្របតាមទស្សនៈវិស័យដែលបានកំណត់នៅក្នុង ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ គឺ “មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ” និង “មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ”។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កត់សម្គាល់ថា «ការលើកឡើងរបស់អង្គភាពសារព័ត៌មានក្នុងស្រុក អាចធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំអំពីទីកន្លែងដែលអាចដាក់ពាក្យស្នើសុំកែតម្រូវ និង មោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដែលតាមការពិតមានផ្ដល់ជូនតាមរយៈរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ រួចទៅហើយ។» ការមកស្នើសុំកែតម្រូវនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាជម្រើសបន្ថែមលើទីតាំងដែលមានស្រាប់ជូនបងប្អូនប្រជាពលរដ្ឋដូចបានបញ្ជាក់ខាងលើ ៕

    ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay