អន្តរជាតិ

ហ្វីលីពីននឹងផ្តល់ប្រាក់ជំនួយជិត ៧៣០លានដុល្លារទៅកាន់ក្រុមកសិករដែលបានរងផលប៉ះពាល់ពីបាតុភូតអាកាសធាតុ El Nino

BY
Pheakdey
September 30, 2023

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីននឹងផ្តល់ប្រាក់ជំនួយសរុបចំនួន ១២,៧ពាន់លានប៉េសូ (ជាង ៧២៩ លានដុល្លាអាមេរិក) ទៅកាន់ក្រុមកសិករធ្វើស្រែនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ។ ការសម្រេចផ្តល់ប្រាក់ជំនួយនេះគឺត្រូវបានធ្វើឡើងក្រោយប្រជាកសិករហ្វីពីពីនភាគច្រើនសុទ្ធតែបានជួបប្រទះនូវបាតុភូតអាកាសធាតុ El Nino ដែលធ្វើឲ្យតម្លៃដើមនៃការធ្វើកសិកម្មរបស់ពួកគាត់ត្រូវកើតឡើងខ្ពស់​ ខណៈទិន្នផលវិញគឺមានបរិមាណតិចនិងតម្លៃថោក។

ប្រភពខាងលើបានបន្តថា ទឹកប្រាក់ជំនួយជិត ៧៣០លានដុល្លារនេះនឹងត្រូវបែកចែកជូនប្រជាកសិករចំនួន ២,៣លាននាក់ ដោយមានភ្ជាប់នូវលក្ខខណ្ឌមួយចំនួនដូចជា កសិករម្នាក់ដែលមានដីធ្វើស្រែតិចជាង ២ហិចតា​នឹងត្រូវទទួលបានប្រាក់ចំនួន ៥,០០០ប៉េសូ (២៨៧ ដុល្លារអាមេរិក)។ ទន្ទឹមគ្នានេះរដ្ឋាភិបាលហ្វីលីពីនក៏មានកញ្ចប់ថវិកាចំនួន ៧០០លានប៉េសូផ្សេងទៀតសម្រាប់ផ្តល់ជូនក្រុមកសិករមួយក្រុមដាច់ដោយឡែកផ្សេងទៀតផងដែរ ដោយក្រុមកសិកទាំងនោះគឺជាក្រុមកសិករស្ថិតនៅក្រោមកម្មវិធីឧបត្ថម្ភធនជាសាច់ប្រាក់របស់នាយកដ្ឋានសុខុមាលភាពនិងអភិវឌ្ឍន៍ ដែលមានចំនួនសរុប ៧៨,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: