កូរ៉េខាងត្បូងផ្តើមអនុវត្តកម្មវិធីផ្តល់ប្រាក់ជំនួយលើសេវា “បង្កកស៊ុតសម្រាប់បង្កកំណើតរបស់មនុស្សស្រី” គ្រប់ពលរដ្ឋជាស្រ្តីទាំងអស់ដើម្បីលើកទឹកចិត្តឲ្យពួកគាត់អាចរក្សាទុកមេជីវិតដើម្បីបង្កើតកូនក្នុងពេលអនាគត
- BY
- Pheakdey
- October 2, 2023
កូរ៉េខាងត្បូង៖ កម្មវិធីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំពោះការ “បង្កកស៊ុតសម្រាប់បង្កកំណើតរបស់មនុស្សស្រី” កំពុងទទួលបានការចាប់អាមរ្មណ៍ខ្លាំងពីសំណាក់ស្រ្តីកូរ៉េខាងត្បូងដែលមិនទាន់បានរៀបការ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២ ខែតុលានេះ។ គួរបញ្ជាក់ជូនថា ដំណើរការនៃការបង្កកស៊ុតនេះនឹងជួយសម្របសម្រួលឲ្យស្រ្តីគ្រប់រូបអាចសម្រេចចិត្តយកកូនក្នុងពេលវេលាជាក់លាក់ណាមួយនៅក្នុងពេលអនាគត ឬនៅពេលដែលពួកគាត់មានអាយុច្រើនដែលរាងកាយរបស់ពួកគាត់លែងមានសមត្ថភាពបង្កើតស៊ុតសម្រាប់បង្កកំណើតបាន។ 
ប្រភពខាងលើបានបន្តថា យោងតាមការស្ទង់មតិមួយបានបង្ហាញថាមានស្រ្តីកូរ៉េខាងត្បូងដែលបានរៀបការរួចចំនួន ៦៤% និងមិនទាន់បានរៀបការចំនួន ៦៩,៨% សុទ្ធតែមានគោលបំណងចង់ធ្វើការបង្កកស៊ុតទុកសម្រាប់មានកូនក្នុងពេលអនាគត ខណៈនាបច្ចុប្បន្ននេះរដ្ឋាភិបាលកូរ៉េខាងត្បូងមានកម្មវិធីផ្តល់ប្រាក់ជំនួយសម្រាប់តែស្រ្តីរៀបការរួចប៉ុណ្តោះ។ យ៉ាងណាក្តី ការអនុវត្តកម្មវិធីថ្មីខាងលើនេះនឹងអនុញ្ញាតឲ្យស្រ្តីកូរ៉េខាងត្បូងទាំងអស់ ទាំងរៀបការរួចនិងនៅលីវ មានអាយុចន្លោះពី ២៩ឆ្នាំ រហូតដល់ ៤៩ឆ្នាំ មានសិទ្ធដូចគ្នាក្នុងការដាក់ពាក្យស្នើសុំប្រាក់ជំនួយសម្រាប់សេវាបង្កកស៊ុតនេះពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនផងដែរថា សេវាសេវាបង្កកស៊ុតនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺមានតម្លៃចាប់ពី ២,៥លានវ៉ុន ទៅ ៥លានវ៉ុន (១,៨៥០ដុល្លារ ទៅ ៣,៦០០ដុល្លារ) ខណៈកម្មវិធីផ្តល់ប្រាក់ជំនួយខាងលើនេះនឹងជួយកាត់បន្ថយការចំណាយនេះបានរហូតដល់ ៥០%៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






