ក្រសួងកសិកម្ម ប្រកាសបើករដូវនេសាទក្នុងដែននេសាទទឹកសាប សម្រាប់ឆ្នាំ២០២៣-២០២៤
- October 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទ សម្រាប់ឆ្នាំ២០២៣-២០២៤។

រដូវបើកនេសាទសម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖
-ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេ ចតុម្មុខ។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា។
-ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។ នៅក្នុងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើ នេសាទក្នុងដែននេសាទទឹកសាប ស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

- Share This Post:






