អន្តរជាតិ

ករណីបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កំពុងទាញទម្លាក់កេរ្តិ៍ឈ្មោះសុវត្ថិភាពរបស់ប្រទេសថៃ

BY
Pheakdey
October 4, 2023

ថៃ៖ ករណីបាញ់ប្រហារនៅកណ្តាលទីក្រុងបាងកកបានកំពុងតែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសុវត្ថិភាពរបស់ប្រទេសថៃយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលានេះ។ គួររម្លឹកជូនថា កាលថ្ងៃម្សិលមិញនេះមានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ដែលបង្កឡើងដោយជនសង្ស័យអាយុ ១៤ឆ្នាំម្នាក់ ខណៈហេតុការណ៍នេះបានបណ្តាលឲ្យ​មានមនុស្សចំនួន ២នាក់ស្លាប់បាត់បង់ជីវិត និង​ ៥នាក់ផ្សេងទៀតបានរងរបួស។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានម្នាក់ជាអ្នកដំណើរមកពីប្រទេសចិន និងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសមីយ៉ាន់ម៉ា ខណៈអត្ថសញ្ញាណលម្អិតរបស់ពួកគាត់នៅមិនទាន់ត្រូវបានបង្ហាញជូនជាសាធារណៈនៅឡើយទេ។ សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍របស់គេហទំព័រ World Population Review បានបង្ហាញថា ថៃគឺជាប្រទេសមានករណីបាញ់សម្លាប់ច្រើនលំដាប់ទី ១៥នៅលើពិភពលោក ដោយមានតួលេខអ្នកស្លាប់ចំនួន ២,៨០៤នាក់គិតនៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ឬគិតជាមធ្យមករណីបាញ់សម្លាប់នៅក្នុងប្រទេសថៃបានកើតឡើងក្នុងកម្រិត ៣,៩១នាក់ក្នុងចំណោមពលរដ្ឋ ១០០,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: