ប៉ូលិសថៃ ស្នើឲ្យសាធារណជនឈប់ចែករំលែករូបភាពនិងវីដេអូនៃហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប Siam Paragon ដើម្បីកុំឲ្យមានការប៉ះពាល់ផ្លូវចិត្តនៅក្នុងសង្គម
- BY
- Pheakdey
- October 4, 2023
ថៃ៖ ប៉ូលិសថៃបានស្នើឲ្យសាធារណៈជនឈប់ចែករំលែកនូវរូបភាពឬវីដេអូពាក់ព័ន្ធនឹងករណីបាញ់ប្រហារដែលបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ជាបន្តទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលានេះ។ បើតាមឧត្តមសេនីយ៍ឯក Archayon Kraithong បានព្រមានថា រូបភាពនិងវីដេអូស្តីពីហេតុការណ៍បាញ់ប្រហារនេះនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តក្នុងចំណោមសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះយ៉ាងខ្លាំង ដ្បិតក្រោយពេលដែលពួកគាត់បានឃើញរូបភាពទាំងអស់នោះគឺពួកគាត់កាន់តែមានអារម្មណ៍សោកស្តាយ និងតក់ស្លុតចំពោះគ្រោះថ្នាក់ដែលបានកើតឡើងចំពោះសាច់ញាតិរបស់ពួកគាត់។

នាយឧត្តមសេនីយ៍ឯក ដែលជាអ្នកនាំពាក្យឲ្យអគ្គស្នងការនគរបាលជាតិថៃរូបនេះបានបន្តថា សម្រាប់សាធារណៈជនទូទៅវិញក៏អាចរងផលប៉ះពាល់ផ្លូវចិត្តផលដែរ ក្រោយបន្តឃើញរូបភាព និងវីដេអូផ្សេងៗនៃហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយនេះ ដូចជាកើតមានអារម្មណ៍អាក់អន់ចិត្ត សោកសៅ ភ័យខ្លាច ថប់បារម្ភ មានចិត្តចងកំហឹង ខណៈចំពោះអ្នកមានបញ្ហាផ្លូវចិត្តស្រាប់មួយចំនួនវិញគឺរូបភាពនិងវីដេអូទាំងនេះអាចជាការបំផុសគំនិតពួកគេឲ្យចង់ធ្វើសកម្មភាពដូចគ្នានេះជាថ្មីម្តងទៀតផងដែរ។ ដូចនេះដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាផ្សេងៗជះឥទ្ធិពលទៅក្នុងសង្គម ពលរដ្ឋគ្រប់រូបត្រូវបញ្ឈប់សកម្មភាពចែកចាយបន្តនូវរូបភាពនិងវីដេអូនៃការបាញ់ប្រហារនេះនៅតាមបណ្តាញសង្គមឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយទុកភារកិច្ចនេះឲ្យអាជ្ញាធរជាអ្នកចេញមុខធ្វើអន្តរាគមន៍វិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand
- Share This Post:






