ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ ហត្ថា ចេញសេចក្ដីបំភ្លឺភ្លាមៗ ក្រោយមានការចុះផ្សាយថា មន្រ្តីធនាគាររបស់ខ្លួនបានបង្ខំឱ្យអតិថិជនម្នាក់ លក់ទ្រព្យសម្បត្តិ ដើម្បីយកលុយទៅសងធនាគារ

    BY Liny Chan October 4, 2023
    ធនាគារ ហត្ថា ចេញសេចក្ដីបំភ្លឺភ្លាមៗ ក្រោយមានការចុះផ្សាយថា មន្រ្តីធនាគាររបស់ខ្លួនបានបង្ខំឱ្យអតិថិជនម្នាក់ លក់ទ្រព្យសម្បត្តិ ដើម្បីយកលុយទៅសងធនាគារ

    ធនាគារ ហត្ថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីបំភ្លឺ ទៅលើការចុះផ្សាយមួយថា មន្រ្តីធនាគារ បានបង្ខំឱ្យអតិថិជនម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល លក់ទ្រព្យសម្បត្តិ ដើម្បីយកលុយទៅសងធនាគារ។

    ធនាគារ ហត្ថា បានចេញសេចក្ដីបំភ្លឺខាងលើ ក្រោយសង្កេតឃើញថា កាលពីពេលថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមមួយចំនួនបានផ្សាយព័ត៌មានប្រាសចាកពីការពិត ក្នុងន័យញុះញង់ ចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះ ធនាគារ។

    ក្នុងករណីខាងលើនេះ ធនាគារ ហត្ថា បានធ្វើការបំភ្លឺ និងបញ្ជាក់ថា ពុំមានករណីដូចការចោទប្រកាន់ និងបង្កាច់ បង្ខូច ខាងលើនោះឡើយ។ កន្លងមកមន្រ្តី ធនាគារ ហត្ថា តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយប្រកបដោយភាពទន់ភ្លន់ មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានការយោគយល់អធ្យាស្រ័យ យ៉ាងច្រើនជាមួយអតិថិជនរបស់ខ្លួន។ ធនាគារ ហត្ថា ប្រកាន់ខ្ជាប់ជានិច្ចវិជ្ជាជីវៈក្នុងការធ្វើអាជីវកម្ម និងជាគ្រឹះស្ថានដែលបម្រើសេវាហិរញ្ញវត្ថុប្រកបដោយភាពកក់ក្ដៅ តម្លាភាព និងសុក្រឹតភាព ដើម្បីការរីកចម្រើនរបស់សាធារណជនទូទៅ។

    ជាមួយគ្នានេះ ធនាគារ ហត្ថា ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នធនាគារបាននិងកំពុងអនុវត្តយ៉ាងពេញលេញនូវយន្តការច្បាប់តាមផ្លូវតុលាការ ស្របតាមច្បាប់ និងបទប្បញត្តិ​ជាធរមាន ក្នុងករណីមានការលក់ទ្រព្យសម្បត្តិសងបំណុល ចំពោះអតិថិជនណាដែលមានលទ្ធភាពសង តែពុំមានឆន្ទៈសង៕

    Share This Post: