ព័ត៌មានជាតិ

រដ្ឋបាលក្រុងសិរីសោភ័ណ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង សូមប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងកំពុងហក់ឡើងខ្លាំង

BY
Khmernote Media
October 4, 2023

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ក្នុងរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដោយពិនិត្យឃើញស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មាន ថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយដងស្ទឹងនៃស្រុកបវេល ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ធ្វើឱ្យកម្រិតទឹកស្ទឹងសិរីសោភ័ណ មានការហក់ឡើងខ្លាំង នឹងអាចបង្កជាផលប៉ះពាល់ដល់អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដង ស្ទឹងសិរីសោភ័ណ សូមចូលរួម និងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការដូចខាងក្រោម៖

-ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង
-ជំរុញការច្រូតកាត់ប្រមូលផលឱ្យបានទាន់ពេលវេលា
-រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមាន៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រ អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិដីធ្លី និងឯកសារសំខាន់ៗទៀត
-ត្រៀមទទួលសុវត្ថិភាព ឬទីតាំងបណ្តោះអាសន្នសម្រាប់មនុស្ស សត្វ ប្រកបដោយសុវត្ថិភាព
-ត្រៀមបង្ការចំពោះជនងាយរងគ្រោះ (ចាស់ជរា ជនពិការ ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ កុមារ…)
-ពេលមានទឹកជំនន់កើតឡើងត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ
-ត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់។

ករណីបន្ទាន់ចាំបាច់ណាមួយ សូមបងប្អូនជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដែលនៅក្បែរផ្ទះបងប្អូន ឬក៏ទំនាក់ ទំនងទៅលោកមេភូមិ លោក លោកស្រីចៅសង្កាត់ ឬគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង តាមរយៈលេខទូរស័ព្ទ ០១២៨៥៧៨៥១ ០៩២២៩៣៩៣៩ ៕

ប្រភព៖ រដ្ឋបាលក្រុងសិរីសោភ័ណ – Serieysophon Municipality

Share This Post: