ការសិក្សាមួយបង្ហាញថា តំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាមនឹងអស់ខ្សាច់នៅត្រឹមឆ្នាំ ២០៣៥ ដោយសារកត្តាចម្បងទាំង ២នេះ
- BY
- Pheakdey
- October 6, 2023
វៀតណាម៖ តំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម (Mekong River Delta) អាចនឹងអស់ខ្សាច់នៅត្រឹមឆ្នាំ ២០៣៥ នេះបើយោងតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៦ ខែតុលានេះ។ ការបាត់បង់ខ្សាច់ចេញពីតំបន់ដ៏សំខាន់នេះក៏នឹងជះឥទ្ធិពលដល់ពលរដ្ឋ ផលដំណាំ និងសេដ្ឋកិច្ចមួយផ្នែករបស់វៀតណាមផងដែរ ដ្បិតតំបន់ដីសណ្តនេះគឺជាតំបន់ជីវៈចម្រុះ ជាផ្លូវទឹកហូរទៅដល់សមុទ្រចិនខាងត្បូង ជាប្រភពទឹកសម្រាប់ស្រោចស្រប់ផលកសិកម្ម និងជាប្រភពផ្តល់អាហារដល់ពលរដ្ឋរាប់លាននាក់។

ប្រភពខាងលើបានបន្តថា មានមូលហេតុធំៗចំនួន ២ ដែលធ្វើខ្យាច់នៅតំបន់ដីសណ្តខាងលើនេះត្រូវរលាយអស់គឺ ទី១ ដោយសារតែការបន្តកសាងទំនប់វារីអគ្គិសនីជាច្រើនកន្លែងនៅក្បែរនោះ ដែលធ្វើឲ្យលែងមានលំហូរខ្សាច់ចូលមកកាន់តំបន់ដីសណ្ត។ កត្តាចម្បងទី ២នោះគឺដោយសារតែសកម្មភាពបូមយកខ្សាច់ពីសំណាក់ក្រុមហ៊ុនឯកជនជាច្រើនយ៉ាងគំហុក ខណៈក្នុងនោះក៏មានការបូមយខ្សាច់ខ្លះគឺជាសកម្មភាពខុសច្បាប់ទៀតផង។ យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញថា អាជ្ញាធរវៀតណាមបានចុះកិច្ចសន្យាឲ្យមានការបូមខ្សាច់ចេញពីតំបន់ដីសណ្តនេះក្នុងទំហំចន្លោះពី ៣៥ ទៅ ៥៥ លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលជាបរិមាណខ្យាច់ដ៏ច្រើនរួចទៅហើយដោយមិនទាន់រាប់បញ្ចូលទាំងសកម្មភាពបូមខ្សាច់ខុសច្បាប់នោះទេ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






