ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពមិនសមរម្យ ព្រោះវាប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមគ្រួសារជនរងគ្រោះ និងសតិអារម្មណ៍ប្រជាពលរដ្ឋ

BY
Khmernote Media
October 7, 2023

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមគ្រួសារជនរងគ្រោះ និងសតិអារម្មណ៍ប្រជាពលរដ្ឋ។

យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហោះខ្លឹមសារថា៖ «នៅប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត ដូចនេះសូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗផងដែរទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមទៀតថា៖ «ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សាដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!»៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: