ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី២៨-២៩ ខែតុលាខាងមុខនេះ

BY
Khmernote Media
October 9, 2023

ខេត្តកំពង់ធំ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីអំពាវនាវស្ដីពី ការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។

ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ ១៤-១៥កើត នៅថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃ១៤កើត និង១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលបំណង បង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។

ដើម្បីឱ្យពិធីប្រណាំងទូកនេះប្រព្រឹត្តទៅ ប្រកបដោយភាពអធឹកអធម រីករាយនិងជោគជ័យ រដ្ឋបាលខេត្ត មានកិត្តិយស សូមអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកសី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការ សមាគមជាតិ-អន្តរជាតិ ព្រមទាំង សប្បុរសជនទាំងអស់មេត្តាជួយ ឧបត្ថម្ភគាំទ្រទាំង សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្គត់ផ្គង់ ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយ ផ្សេងៗក្នុងពិធីនេះ។

រដ្ឋបាលខេត្ត មានក្តីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុន ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការ សមាគមជាតិ-អន្តរជាតិ ព្រមទាំងសប្បុរសជនទាំងអស់ពិតជាចូលរួមជួយឧបត្ថម្ភ គាំទ្រ ប្រកបដោយស្មារតីសាមគ្គី ថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងជាក់ជាពុំខាន។ រាល់ការឧបត្ថម្ភ សូមមេត្តា ទំនាក់ទំនងជាមួយ គណៈកម្មការរៀបចំការប្រណាំងទូកខេត្ត ឬទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ធំ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ ៕

ប្រភព៖ រដ្ឋបាល ខេត្តកំពង់ធំ

Share This Post: