អ៊ីស្រាអែលត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើសង្គ្រាម ខណៈក្រុមហាម៉ាសគំរាមមិនទុកជីវិតអោយឈ្លើយសឹកឡើយ
អ៊ីស្រាអែល៖ របាយការណ៍ចុងក្រោយមួយស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែល ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលានេះបានឲ្យដឹងថា គិតត្រឹមពេលនេះកងកម្លាំងអ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការធ្វើសង្គ្រាម ខណៈភាគីខាងក្រុមហាម៉ាសវិញបានគំរាមសម្លាប់ឈ្លើយសឹកដែលពួកគេចាប់ខ្លួនបាន។

គួរបញ្ជាក់ជូនថា នៅក្នុងចំណោមឈ្លើយសឹកទាំងអស់ដែលក្រុមហាម៉ាសបានចាប់ខ្លួននោះអាចមានទាំងជនបរទេសខ្លះផងដែរ ដ្បិតប្រទេសមួយចំនួនដូចជាប្រទេសថៃ និងអង់គ្លេសសុទ្ធតែបានប្រកាសថា មានពលរដ្ឋរបស់ពួកគេមួយចំនួនកំពុងបាត់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយឡែកចំពោះតួលេខជនរងគ្រោះវិញ គឺគិតត្រឹមពេលនេះមានពលរដ្ឋអ៊ីស្រាអែលជាង ៩០០នាក់បានស្លាប់បាត់បង់ជីវិត និងរបួសជាង ២,៦០០នាក់ ខណៈបើគិតអំពីតួលេខអ្នកស្លាប់បាត់បង់ជីវិតសរុបវិញ ពោលគឺបូកទាំងភាគីខាងក្រុមហាម៉ាស និងជនបរទេសមួយចំនួនទៀតនោះ គឺការវាយប្រហារនេះបានបណ្តាលឲ្យមានមនុស្សស្លាប់អស់ជាង ១ពាន់នាក់ហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia