ព័ត៌មានជាតិ

យុវជនម្នាក់ ដែលបើកបរបញ្ច្រាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ នៅគោលដៅផ្សារធំថ្មី កម្លាំងនគរបាលបានប្រគល់ម៉ូតូជូនវិញ ដោយមិនមានការផាកពិន័យនោះទេ

BY
Khmernote Media
October 10, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនម្នាក់ ដែលបើកបរបញ្ច្រាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ នៅគោលដៅផ្សារធំថ្មី ពេលនេះកម្លាំងនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី បានប្រគល់ម៉ូតូជូនគាត់វិញ ដោយមិនផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់ការបើកបរល្មើសច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺករណី បុរសម្នាក់និងកូនប្រុសម្នាក់ទៀត បានបង្ហោះខ្លឹមសារតាមបណ្តាញសង្គម TIK TOK ដោយចោទប្រកាន់មកលើកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរជើងនៅគោលដៅផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថាបានចាប់ឃាត់ម៉ូតូកូនគាត់ និងផាកពិន័យ ២២ម៉ឺនរៀល ហើយស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនគាត់ផង។

ចំពោះករណីនេះបើយោងតាមរបាយការណ៍បកស្រាយបំភ្លឺរបស់ការិយាល័យនគរបាលសណ្តាប់ធ្នាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ខណៈដែលកម្លាំងនគរបាលសណ្តាប់ធ្នាប់ ចុះបំពេញភារកិច្ច រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព នៅគោលដៅផ្សារធំថ្មី បន្ទាប់មកក៏ស្រាប់តែមានយុវជនប្រុសស្រី ០២នាក់ជាមិត្តភក្តិនឹងគ្នាជិះម៉ូតូ ០២គ្រឿង បានធ្វើដំណើរចេញពីផ្លូវលេខ៦៧ បើកឆ្ពោះចូលផ្លូវ១៣៦ នៅខាងត្បូងឆៀងខាងលិចផ្សារធំថ្មី ដោយបានបើកបរបញ្ច្រាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ នាំឱ្យមានហានិភ័យបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯងនិងអ្នកដទៃ។

នៅពេលនោះសមត្ថកិច្ចក៏បានហៅឃាត់ម៉ូតូយុវជនទាំង ០២គ្រឿង ដើម្បីសួរនាំ និងធ្វើការផាកពិន័យតាមគោលការណ៍ច្បាប់។ ប៉ុន្តែដោយមានការយោគយល់សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យម៉ូតូ ០១គ្រឿងចេញទៅ ដោយមិនផាកពិន័យនោះទេ គឺផាកពិន័យម៉ូតូ០១គ្រឿងប៉ុណ្ណោះបើកដោយយុវជន ឈ្មោះ សាន សានុត ម៉ូតូម៉ាកហុងដាគ្លីក ស៊េរីឆ្នាំ២០២១ កម្លាំង១៥០សេសេ ដែលច្បាប់តម្រូវឱ្យមានប័ណ្ណបើកបរ ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានណែនាំពន្យល់ប្រាប់យុវជននោះថា បើប្អូនបើកម៉ូតូកម្លាំង១៥០សេសេ គឺត្រូវមានប័ណ្ណបើកបរ ។ ក្នុងករណីគ្មានប័ណ្ណបើកបរត្រូវផាកពិន័យ ១២ម៉ឺនរៀល ចំណែកល្មើសផ្លាកសញ្ញាចរាចរណ៍ផាកពិន័យ ១០ម៉ឺនរៀល។ ប៉ុន្តែនៅពេលនោះសមត្ថកិច្ចយោគយល់ដោយប្រាប់ថា ផាកពិន័យតែ ១០ម៉ឺនរៀលប៉ុណ្ណោះ ការល្មើសផ្លាកសញ្ញាចរាចរណ៍ ហើយនៅពេលនោះសមត្ថកិច្ចមិនទាន់បានផាកពិន័យនោះទេ។

ស្រាប់តែយុវជននោះបានហៅទូរស័ព្ទទៅឪពុករបស់ខ្លួន មកគោលដៅកែងផ្សារធំថ្មីកន្លែងសមត្ថកិច្ចបំពេញភារកិច្ច ហើយបុរសជាឪពុកបានមកដល់មិនស្តាប់ហេតុផលអ្វីទាល់តែសោះនិយាយស្រែកគំហកឡូឡាដាក់សមត្ថកិច្ចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងរំខានដល់ការបំពេញភារកិច្ចរបស់មន្រ្តីនគរបាល ដែលជាអ្នកអនុវត្តច្បាប់។ ដោយគាត់ស្រែកថា ម៉ូតូកូនគាត់នោះចាប់យកទៅខណ្ឌណាក៏យកទៅចុះ គាត់មិនខ្វល់នោះទេ។ ម៉ូតូខាងលើបន្ទាប់មកសមត្ថកិច្ចបាននាំយកមករក្សាទុកនៅទីស្នាក់ការនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី ហើយការិយាល័យបានធ្វើការទំនាក់ទំនងអញ្ជើញគាត់ដែលជាម្ចាស់ម៉ូតូ ឱ្យមកយកម៉ូតូតាំងពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ ដើម្បីមកធ្វើកិច្ចសន្យា អប់រំ-ណែនាំយកម៉ូតូទៅប្រើប្រាស់វិញ ប៉ុន្តែគាត់មិនបានចូលខ្លួនដោះស្រាយនោះទេ។

លុះនៅថ្ងៃទី០៦ ខែតុលា ស្រាប់តែបុរសជាឪពុកនិងកូនបាននាំគ្នាបង្ហោះតាមបណ្តាញ TIK TOK សុំជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីរកយុត្តិធម៌ និងបាននិយាយចោទប្រកាន់នគរបាលសណ្តាប់ធ្នាប់កែងផ្សារធំថ្មី ចាប់ម៉ូតូកូនគាត់ផាកពិន័យ ២២ម៉ឺនរៀលទៅវិញ។ ក្រោយពីបានឃើញការផ្សព្វផ្សាយនោះភ្លាម សមត្ថកិច្ចក៏បានព្យាយាមទំនាក់ទំនងម្ចាស់ម៉ូតូឱ្យចូលខ្លួនមកដោះស្រាយ ប៉ុន្តែម្ចាស់ម៉ូតូខាងលើប្រាប់សមត្ថកិច្ចថា ជាប់រវល់ទៅស្រុកទាល់តែ០៦ថ្ងៃទៀតទើបចូលខ្លួនមកដោះស្រាយ។

រហូតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី បានប្រគល់ម៉ូតូជូនគាត់វិញ ដោយមិនផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់ការបើកបរល្មើសច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានោះ យុវជន និងឪពុក សូមថ្លែងអំណរគុណ និងសុំទោសសមត្ថកិច្ចចំពោះពាក្យសំដីកំហុសឆ្គង និងកាយវិការមិនសមរម្យ នូវពាក្យពេចន៍ដែលគាត់បានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម គឺជាការយល់ច្រឡំមកលើសមត្ថកិច្ច

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: