ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះសង្ឃក្នុងវត្តបទុមរតនដីដុះ បានចែករំលែកម្ហូបអាហារដែលពុទ្ធបរិស័ទយកទៅប្រគេន ជូនដល់ប្រជាពលរដ្ឋក្រីក្រ អ្នកសុំទាន និងកុមារកំព្រាក្នុងមូលដ្ឋាន

    BY Khmernote Media October 11, 2023
    ព្រះសង្ឃក្នុងវត្តបទុមរតនដីដុះ បានចែករំលែកម្ហូបអាហារដែលពុទ្ធបរិស័ទយកទៅប្រគេន ជូនដល់ប្រជាពលរដ្ឋក្រីក្រ អ្នកសុំទាន និងកុមារកំព្រាក្នុងមូលដ្ឋាន

    ខេត្តកំពង់ចាម៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ព្រះសង្ឃក្នុងវត្តបទុមរតនដីដុះនៃខេត្តកំពង់ចាម បានចែករំលែកម្ហូបអាហារដែលពុទ្ធបរិស័ទយកទៅប្រគេន ជូនដល់ប្រជាពលរដ្ឋក្រីក្រ អ្នកសុំទាន ជនទុរគតនិងកុមារកំព្រាក្នុងមូលដ្ឋាន ដើម្បីផ្តល់ឱ្យពួកគាត់បានហូបគ្រប់គ្រាន់។

    ព្រះសិរីរក្ខិតៈមុនី ញ៉ សាវី ព្រះចៅអធិការវត្តបទុមរតនដីដុះ បានមានពុទ្ធដីកាថា ចាប់តាំងពីបិណ្ឌ ១រហូតមកដល់ពេលនេះ សម្រាប់វត្តបុទុមរតនដីដុះ គឺមានពុទ្ធបរិស័ទប្រគេនចង្ហាន់និងទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាយ៉ាងច្រើនកុះករ ដែលមិនមានអ្វីខុសប្លែកជាងឆ្នាំមុនៗនោះឡើយ។

    ចៅអធិការវត្តបទុមរតនដីដុះ បានមានពុទ្ធដីកាបន្តថា សម្រាប់វត្តបុទុមរតនដីដុះ គឺមានចង្ហាន់បរិបូរដោយគណៈគ្រប់គ្រងវត្ត អាចារ្យវត្ត និងយាយជី មានការបែងចែកក្រុមក្នុងការរៀបចំទុកដាក់ម្ហូបអាហារមួយផ្នែកសម្រាប់ព្រះសង្ឃ និងមួយផ្នែកទៀតសម្រាប់ចែកជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលខ្វះខាត ជាពិសេសនោះគឺ ផ្តល់ទៅមណ្ឌលកុមារកំព្រាដែលនៅជិតវត្ត ដើម្បីឱ្យក្មេងៗមានអាហារហូបគ្រប់គ្រាន់ និងមានជីវជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

    បន្ថែមពីនេះទៀតគឺការចែករំលែកគ្រឿងឧបភោគបរិភោគ ដែលជាទានរបស់ពុទ្ធបរិស័ទក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ គឺមានចាត់ចែងដាក់ថង់ ដាក់កញ្ចប់ មាន ម្ហូបអាហារ សម្ល ទឹកសុទ្ធ និងរបស់របរប្រើប្រាស់បន្តិចបន្តួច ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់បានមួយកម្រិត។

    «ពាក់ព័ន្ធទៅនឹងចង្ហាន់ដែលព្រះសង្ឃឆាន់ហើយ គឺយើងទុកដាក់មួយសម្រាប់ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកុមារៗ ដែលមានការខ្វះខាត ក្នុងនោះអ្នកដែលមកវត្ត អ្នកខ្លះគាត់មិនមានអាហារបរិភោគគ្រប់គ្រាន់ គឺគាត់មកសុំនៅវត្ត ហើយក្រុមការងារលោកអាចារ្យ គណៈកម្មការវត្តនោះ គឺមានបង្កើតក្រុមការងារមួយដើម្បីគ្រប់គ្រងពួកគាត់ឱ្យនៅមួយកន្លែង ដោយមានជាម្ហូបអាហារសម្រាប់ដួសជូនពួកគាត់វិញ លើសពីនោះ ពាក់ព័ន្ធ និងម្ហូបអាហារដែលនៅសេសសល់ គឺមានយកទៅជូនដល់អ្នកខ្វះខាតនៅតាមផ្លូវ ជាពិសេសគឺផ្ដល់ជូនមណ្ឌលកុមារកំព្រា ដោយគាត់គឺតែងតែមានម្ហូបមួយឆ្នាំង ពីរឆ្នាំង ទៅតាមតិចតាមច្រើនជូនទៅដល់ពួកគាត់» ។

    សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរដែលមានជំនឿនឹងព្រះពុទ្ធសាសនា គឺបានយកចង្ហាន់ ឬបាយសម្ល គ្រឿងឧបភោគបរិភោគ ទៅវេប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម និងជូនដល់មាតាបិតា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់អ្នកមានគុណផង និងការបំពេញកុសលផល បុណ្យសម្រាប់ខ្លួនឯងទៅអនាគតជាតិផង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay