ហ្វីលីពីនប្រកាសថាមានពលរដ្ឋខ្លួន ២នាក់បានបាត់បង់ជីវិតនៅអ៊ីស្រាអែល ខណៈ ៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន
- BY
- Pheakdey
- October 11, 2023
ហ្វីលីពីន៖ ក្រសួងការបរទេសនៃប្រទេសហ្វីលីពីនបានប្រកាសថា មានពលរដ្ឋខ្លួនចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលានេះ។ យ៉ាងណាក្តី អត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះទាំង ២រូបនោះនៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ ខណៈរដ្ឋាភិបាលហ្វីលីពីននឹងរៀបចំសន្និសិទ្ធសារព័ត៌មានផ្លូវការមួយដើម្បីបកស្រាយលម្អិតជុំវិញករណីខាងលើនៅល្ងាចនេះ។

បើតាមលោក Enrique Manalo ដែលជារដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់ថា ក្រៅតែពីទទួលបានដំណឹងមរណភាពនេះហើយ ក៏នៅមានពលរដ្ឋហ្វីលីពីនចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនរំពឹងខ្ពស់ថាអ្នកដែលកំពុងបាត់ខ្លួនទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់នោះទេ។ រដ្ឋលេខាធិការរូបនេះបានបន្តថា គិតត្រឹមពេលនេះរដ្ឋាភិបាលហ្វីលីពីនកំពុងធ្វើការជាមួយប្រទេសជាច្រើនរួមទាំងអង្គការសហប្រជាជាតិផងដែរ ដើម្បីធ្វើការសម្របសម្រួលជួយសង្រ្គោះពលរដ្ឋចេញពីតំបន់ដែលកំពុងមានគ្រោះថ្នាក់ ក៏ដូចជាធ្វើការអំេពាវនាវនិងគាំទ្រឲ្យមានការបិទបញ្ចប់ការវាយប្រហារគ្នាដោយការចចារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






