ក្រសួងធនធានទឹក ស្នើដល់មន្ទីរធនធានទឹក រាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ ខណៈទឹកភ្លៀងនឹងចុះខ្សោយខ្លាំង ចាប់ពីចុងសប្ដាហ៍ទី៣ នៃខែតុលានេះ
- October 12, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសារណែនាំ ដោយពិនិត្យលើស្ថានភាពអាកាសធាតុឃើញថា បាតុភូត El Nino នៅតែបន្តមានឥទ្ធិពលក្នុងកម្រិត១០០% នៅឡើយ ហើយអាចរហូតដល់ ខែមេសា ឆ្នាំ២០២៤ ទើបបាតុភូតនេះមានទំនោរថយចុះទៅវិញ។

ក្រសួងធនធានទឹក ពិនិត្យលើស្ថានភាពភ្លៀង ក៏បានបង្ហាញថា របាយទឹកភ្លៀងនឹងចុះ ខ្សោយខ្លាំង ចាប់ពីចុងសប្ដាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៣។
យោងលើស្ថានភាពអាកាសធាតុ និងស្ថានភាពរបាយទឹកភ្លៀងខាងលើ ខ្ញុំស្នើដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ថែរក្សាទឹកឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជា ពីរផ្នែកសំខាន់ៗ៖
១. មួយផ្នែក ត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព)
២. មួយផ្នែកទៀត សម្រាប់បម្រើឱ្យការបង្កបង្កើនផលស្រូវរដូវប្រាំង (តើអាចឆ្លើយតបទៅនឹងផែនការដាំដុះស្រូវប្រាំងបានទាំងស្រុង ឬត្រូវ កាត់បន្ថយ?)
សូមបំពេញកិច្ចការនេះដោយការទទួលខុសត្រូវ និងត្រូវផ្ញើផែនការប្រើ ប្រាស់ទឹកខាងលើមកក្រសួង និងផ្ញើជូនគណៈអភិបាលរាជធានី-ខេត្ត៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






