ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត១២០គ្រឿង ក្នុងចំណោមរថយន្តទាំងអស់ ៤៥៥គ្រឿង នឹងត្រូវដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តសៀមរាបដោយមិនគិតថ្លៃ ក្នុងរយៈពេល ៥ថ្ងៃ

    BY Khmernote Media October 12, 2023
    រថយន្ត១២០គ្រឿង ក្នុងចំណោមរថយន្តទាំងអស់ ៤៥៥គ្រឿង នឹងត្រូវដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តសៀមរាបដោយមិនគិតថ្លៃ ក្នុងរយៈពេល ៥ថ្ងៃ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះ រថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប មានចំនួនសរុប ១២០គ្រឿង ដែលមានចំណតក្នុងបរិវេណ មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប។

    បើតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប បានលើកឡើងថា ការធ្វើដំណើរដោយរថយន្តក្រុងរបស់រាជរដ្ឋាភិបាលនេះ មានសុវត្ថិភាព ជាពិសេសបានកាត់បន្ថយចំណាយ៉ាងច្រើន ខណៈសេវាដឹកជញ្ជូនឯកជនមានតម្លៃថ្លៃ។ ការឡើងជិះរថយន្តមានភាពងាយ ពុំមានតម្រូវបំពេញបែបបទអ្វីទាំងអស់ គ្រាន់តែប្រាប់អ្នករៀបចំថាយើងចង់ទៅខេត្តណា។ មួយវិញទៀត អ្នកបើកបរមានភាពរួសរាយរាក់ទាក់ រថយន្តមានម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព។

    ដោយឡែក លោក អុន វីរៈ បុគ្គលិករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានបង្ហាញថា ការចេញដំណើរពីរាជធានីទៅតាមបណ្ដាខេត្តនានា នៅថ្ងៃបិណ្ឌទី១៣នេះ គឺមានចំនួនច្រើន ខណៈដែលថ្ងៃដំបូងនេះមានការចេញដំណើរពីភ្នំពេញមកសៀមរាប រហូតដល់ទៅជាង ៤០គ្រឿង ដើម្បីបំពេញតម្រូវការបងប្អូនជាពលរដ្ឋយើងមកលេងស្រុកកំណើត ជាពិសេសការមកកំសាន្តនៅខេត្តសៀមរាប។ ជាមួយគ្នានោះការធ្វើដំណើរនេះដែរ សម្រាប់អ្នកបើកបរ រដ្ឋបាលក្រុងបានធ្វើការណែនាំរួចជាស្រេចមកនឹងចេញដំណើរដោយត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយមិនត្រូវមានសេពគ្រឿងស្រវឹង និងត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផងដែរ។ ក្នុងនោះដែរ លោកក៏សូមការអំពាវនាវទៅដល់បងប្អូនដែលបានទទួលសេវា សូមជួយរក្សាអនាម័យ តាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។ ដោយឡែកក៏សូមអំពាវនាវដល់បងប្អូនដែលបានធ្វើដំណើរលើដងផ្លូវទាំងអស់ សូមមានការយោគយល់ និងអធ្យាស្រ័យគ្នាពេលធ្វើដំណើរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

    តាមរយៈការផ្ដល់ជូនមធ្យោបាយធ្វើដំណើរសាធារណៈ ដោយមិនគិតថ្លៃ ដែលមានរយៈពេល ៥ថ្ងៃគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋបានសាទរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay