ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត អស់ជីពចរជាយូរថ្ងៃ រហូតដល់បាត់បង់ស្មារតី ត្រូវបានគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះជីវិតឡើងវិញ

BY
Khmernote Media
October 12, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំ បានកើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត អស់ជីពចរជាយូរថ្ងៃ រហូតដល់សន្លប់បាត់ស្មារតី ដោយសាររលាកខួរក្បាលនិងហូរឈាមក្នុងខួរក្បាល ត្រូវបានក្រុមគ្រូពេទ្យសង្រ្គោះឱ្យមានជីវិតឡើងវិញ។

បើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា៖ «រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ជំងឺគ្រុនឈាមនេះ អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និងបណ្តាលឲ្យហូរឈាមហើមសួត ហូរឈាមក្នុងខួរក្បាលនិងរលាកខួរក្បាល ជាករណីដ៏កម្របំផុត ក្មេងប្រុសម្នាក់នេះ អាយុ ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម បញ្ចូលសេរ៉ូមអស់២លីត្រ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផា គាត់មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត (EDS): អស់ជីពចរយូរថ្ងៃ(prolonged and impending shock syndrome) លើសពី៣០ម៉ោង និងហូរឈាមក្នុងក្រពះពោះវៀននិងហើមសួត ចុងក្រោយសន្លប់បាត់ស្មារតី ដោយសាររលាកខួរក្បាលនិងហូរឈាមក្នុងខួរក្បាលទៀតផង។ »

Dr. Beat Richner បានបន្ថែមថា៖ «ក្មួយប្រុស ត្រូវបានសង្រ្គោះជីវិតដោយប្រើឈាមប្លាស្មាអស់ ១៦ប្លោក និងចម្រោះប្លាកែត សរុបអស់”១២ប្លោក” និងប្រើជំនួយម៉ាស៊ីនសប់ដង្ហើម ថែទាំព្យាបាលអស់២១ថ្ងៃ។ ថ្ងៃនេះ ក្មួយប្រុស មានជីវិតរស់ឡើងវិញ បានវិលត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ដើម្បីទៅវត្តភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ ៕ »

ប្រភព៖ Dr. Beat Richner

Share This Post: