ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ
- October 16, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណ ១៣២ ០៥១ នាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩ នាក់ ឯភ្ញៀវទេសចរបរទេស មានចំនួន ៦ ៦០២ នាក់។

ដោយឡែកនៅខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ៦៣ ០៦៦នាក់ ក្នុងរយៈពេល ៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរបស់ខ្មែរ។ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងបរទេស (ភ្ញៀវជាតិ ៦២ ១៩០ នាក់ និងភ្ញៀវបរទេស ៨៧៦ នាក់) សម្រាប់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយមានភាពល្អប្រសើរ នេះបើតាមការលើកឡើងរបស់ លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ។
ចំណែកនៅក្នុងខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ៩៦ ៥៦៥នាក់ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានី ចំនួន ៩៦ ៥៦៥នាក់ បានចូលមកសម្រាកលម្ហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត។ លោកប្រធានមន្ទីរបានបន្តថា ចំនួនភ្ញៀវទេសចរឆ្នាំនេះគឺមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៩៥ ៤២០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ១ ១៤៥នាក់ ៕








ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






