ទឹកចិត្តបងស្រី! ក្មេងស្រីជំទង់ម្នាក់ លោតចុះទឹកដើម្បីសង្គ្រោះជីវិតប្អូនតែជាអកុសលលង់ទឹកខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញសង្គ្រោះឱ្យមានជីវិតឡើងវិញ
- October 16, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ១៤ឆ្នាំ លោតចុះទឹក ដើម្បីជួយសង្គ្រោះជីវិតប្អូនស្រីរបស់ខ្លួនឱ្យរួចជីវិត តែបែរជាអកុសលលង់ទឹកខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតីខ្វះអុកស៊ីសែនក្នុងខួរក្បាលនិងទឹកចូលសួតពេញទាំងសងខាង ត្រូវបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីជួយសង្គ្រោះជីវិត។

តាមរយៈខ្លឹមសារបង្ហោះរបស់ Dr. Beat Richner បានសរសេររៀបរាប់បញ្ជាក់ថា៖ « នេះជាទឹកចិត្តបងស្រី ក្មេងស្រីជំទង់អាយុ១៤ឆ្នាំ ពិតជាវីរនារីពិតមែន ដែលបានលោតចុះក្នុងទឹក ដើម្បីជួយសង្រ្គោះជីវិតប្អូនស្រីតូចរបស់ខ្លួនឲ្យបានរួចជីវិត។ តែជាអកុសល ខ្លួននាងផ្ទាល់ត្រូវបានលង់ទឹកដោយខ្លួនឯងទៅវិញ នាងត្រូវបានមណ្ឌលសុខភាពមួយនៅខេត្តកំពង់ធំ បញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសន្លប់បាត់ស្មារតីខ្វះអុកស៊ីសែនក្នុងខួរក្បាល និងទឹកចូលសួតពេញទាំងសងខាង នាងត្រូវបានជួយសង្រ្គោះជីវិតក្រោយព្យាបាលថែទាំអស់ ៩ថ្ងៃ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
នៅថ្ងៃនេះ ក្មេងស្រី មានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម សូមអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ » ៕

ប្រភព៖ Dr. Beat Richner
- Share This Post:






