កុំភ្លេចចូលរួមកម្សាន្ត! ខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូក«ង» នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ នៅថ្ងៃទី១១-១២ ខែវិច្ឆិកាខាងមុខ
- October 17, 2023
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅរៀងរាល់ រាត្រី មានការដាក់តាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ និងសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត អមដោយ ការប្រគុំតន្រ្តីសម័យ ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។ ចំពោះពិធីអកអំបុក នឹងរៀបចំនារាត្រីថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសួនមានជ័យ ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះ អភិបាល នៃគណៈអភិបាលខេត្ត សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន មេត្តាជួយឧបត្ថម្ភគាំទ្រផ្ដល់អំណោយ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បី ជួយទ្រទ្រង់កម្មវិធី ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផល ល្អប្រសើរ។ ចំពោះអំណោយ សូមយកមកប្រគល់ជូនការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ អន្តរជាតិ នៃទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យរៀងរាល់ថ្ងៃធ្វើការ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៦៩៦៧៧, ០១២ ៦៧៣០៨៦, ០១០ ៩៥៥ ៣៦៦។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពជូនពរឯកឧត្តម ឧត្តមសេនីយ៍ លោកជំទាវ អ្នកឧកញ៉ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករទូទាំងខេត្តជាសប្បុរសជន សូមជួបប្រទះតែពុទ្ធពរគ្រប់ប្រការ និងជោគជ័យគ្រប់ភារកិច្ច ៕


default







ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
- Share This Post:






