អន្តរជាតិ

ជប៉ុនផ្តល់ជំនួយ ១០លានដុល្លារទៅកាន់តំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដើម្បីជួយក្រុមជនស៊ីវិលដែលបានរងគ្រោះពីការវាយប្រហារគ្នា

BY
Pheakdey
October 17, 2023

ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងផ្តល់ប្រាក់ជំនួយចំនួន​ ១០លានដុល្លារទៅកាន់តំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលារនេះ។ គួរកត់សម្គាល់ថា ហ្គាហ្សាគឺជាទីក្រុងដ៏សំខាន់មួយរបស់ប៉ាឡេស្ទីន មានពលរដ្ឋរស់នៅប្រមាណជា ៦០ម៉ឺននាក់ ខណៈតំបន់មួយនេះកំពុងរងនូវការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងកម្លាំងអ៊ីស្រាអែល។

បើតាមលោកស្រី Yoko Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុនបានបញ្ជាក់ថា​ ប្រាក់ចំនួយខាងលើនេះគឺជាប្រាក់ជំនួយសង្គ្រោះបន្ទាន់ ត្រូវបានផ្តល់ជូនសម្រាប់យកទៅជួយក្រុមជនស៊ីវិលទូទៅ ដែលកំពុងរងគ្រោះដោយការប្រយុទ្ធគ្នា​​ ពោលគឺវាមិនមែនជាប្រាក់ជំនួយសម្រាប់គាំទ្រផ្នែកនយោបាយ ឬគាំទ្រក្នុងការប្រយុទ្ធគ្នាសម្រាប់ក្រុមណាមួយនោះទេ។ សូម​បញ្ជាក់ជូនផងដែរថា គិតចាប់ពីមានការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែលមកគឺមានជនស៊ីវិលជាង ១,៣០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋជាច្រើនម៉ឺននាក់ផ្សេងទៀតបានរងរបួស និងរងផលប៉ះពាល់ដោយប្រយោល៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: