ក្រុមហ៊ុន Honda, GM និង Cruise រួមគ្នាផលិតយានជំនិះគ្មានមនុស្សបើកនៅក្នុងឆ្នាំ ២០២៦
- BY
- Pheakdey
- October 19, 2023
ជប៉ុន៖ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ៣គ្រោងនឹងសហការណ៍គ្នាបង្កើតសេវាកម្មធ្វើដំណើរដោយគ្មានអ្នកបើកបរនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។ ក្រុមហ៊ុនទាំង ៣នោះរួមមានក្រុមហ៊ុនផលិតរថយន្ត Honda Motor ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) និងក្រុមហ៊ុនផលិតរថយន្ត Cruise។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺក្រុមហ៊ុនទាំង ៣នេះនឹងរួមគ្នាផលិតយានជំនិះដ៏ឆ្លាតវ័យមួយប្រភេទដែលមានរូបរាងស្រដៀងគ្នាទៅនឹងរថយន្តខ្នាតតូចសម្រាប់ដឹកអ្នកដំណើរអីចឹងដែរ ខណៈយានជំនិះឆ្លាតវ័យនោះអាចដំណើរការបានដោយមិនចាំបាច់ត្រូវការអ្នកបើកបរដូចរថយន្តឡើយ។ បើតាមតំណាងរបស់ក្រុមហ៊ុន Honda Motor បានបញ្ជាក់ថា តាមផែនការ គឺការផលិតយានជំនិះឆ្លាតវ័យនេះនឹងត្រូវសម្រេចឲ្យបាននៅពាក់កណ្តាលឆ្នាំ ២០២៤ ហើយការដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺនៅក្នុងឆ្នាំ ២០២៦ ខណៈនៅក្នុងដំណាក់ដំបូង គឺយានជំនិះពិសេសនេះនឹងត្រូវផលិតឡើងតែចំនួន ៥០០គ្រឿងប៉ុណ្ណោះសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕

អត្ថបទ៖ ភក្តី
ប្រភព៖The Strait Time
- Share This Post:






