អន្តរជាតិ

លោក ចូ បៃឌិន អំពាវនាវឲ្យពលរដ្ឋអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីយកទៅជួយអ៊ីស្រាអែលប្រយុទ្ធជាមួយនឹងក្រុមហាម៉ាស

BY
Pheakdey
October 20, 2023

អាមេរិក៖ លោកប្រធានាធិបតី​ ចូ បៃឌិន បានអំពាវនាវឲ្យ​ពលរដ្ឋអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីយកទៅជួយអ៊ីស្រាអែលប្រយុទ្ធជាមួយនឹងក្រុមហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២០ ខែតុលានេះ។ សេចក្តីអំំពាវនាវនេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការពិសេសមួយចេញពីសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈសេចក្តីថ្លែងការនេះក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍នៅទូទាំងអាមេរិកផងដែរ។

យ៉ាងណាក្តី លោកប្រធានាធិបតី​ ចូ បៃឌិន មិនបានបោះបង់ចោលសកម្មភាពមនុស្សធម៌នៅតំបន់ហ្គាហ្សានោះទេដោយលោកបានសង្កត់ធ្ងន់ថា អាមេរិកនឹងបន្តផ្តល់ជំនួយដើម្បីជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ខណៈការប្រយុទ្ធជាមួយក្រុមហាម៉ាសគឺជារឿងមួយដែលមិនអាចបញ្ចៀសបាននោះទេ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអ៊ីស្រាអែលបានប្រកាសថា កងកម្លាំងខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយកម្ទេចក្រុមហាម៉ាស ដែលមានមូលដ្ឋានទ័ពនៅក្នុងតំបន់ហ្គាហ្សា។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃសុក្រនេះសភាអាមេរិកនឹងបើកកិច្ចប្រជុំលើគម្រោងផ្តល់ជំនួយបន្ទាន់មួយទៅកាន់អ៊ីស្រាអែល ខណៈកញ្ចប់ថវិកាជំនួយនេះអាចមានតម្លៃរហូតដល់ ១៤ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: