អន្តរជាតិ

លោក ចូ បៃឌិន បញ្ជាក់ថា ជំនួយអាមេរិកនឹងដឹកជញ្ជូនទៅដល់តំបន់ហ្គាហ្សាក្នុងរយៈពេល ២ថ្ងៃ ដើម្បីជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីនរាប់លាននាក់

BY
Pheakdey
October 21, 2023

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសឲ្យដឹងថា ជំនួយរបស់អាមេរិកនឹងត្រូវដឹកជញ្ជូនទៅដល់ទឹកដីហ្គាហ្សាក្នុងរយៈពេល ២ថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការពិសេសមួយដែលរូបលោកបានធ្វើឡើងនៅក្នុងសេតវិមានកាលពីយប់ថ្ងៃសុក្រម្សិលមិញ ពោលគឺមានន័យថាជំនួយអាចនឹងទៅដល់ទឹកដីហ្គាហ្សាក្នុងអំឡុងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ គួរបញ្ជាក់ជូនថា ជំនួយរបស់រដ្ឋាភិបាលអាមេរិកនេះគឺជាជំនួនមនុស្សធម៌សម្រាប់យកទៅជួយពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ ដែលបានរងផលប៉ះពាល់ពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល តែវាមិនមែនជាការគាំទ្រចលនារបស់ក្រុមហាម៉ាសប៉ាឡេស្ទីននោះទេ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលានេះបានបញ្ជាក់ថា ការដែលអាមេរិកអាចដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាបានលឿនដូចនេះក៏ដោយសារមានការសម្របសម្រួលពីសំណាក់ប្រទេសអ៊ីស្រាអែលនិងប្រទេសអេហ្ស៊ីបផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគេបានរកឃើញមានពលរដ្ឋប៉ាឡេស្ទីនចំនួន ៤,៣១៧នាក់ បានស្លាប់បាត់បង់ជីវិត ជាច្រើនពាន់នាក់បានរងរបួស និងរាប់លាននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដូចជាគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ និងគ្មានអាហារគ្រប់គ្រាន់សម្រាប់ទទួលទានជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: