រកផ្លូវវាង! រដ្ឋបាលខណ្ឌកំបូល នឹងបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤
- October 21, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូលនឹងធ្វើការបញ្ចៀស ចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដូចខាងក្រោម៖
១.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ សូមធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។
២.ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល ទៅកាន់ស្រុកអង្គស្នួល ខេត្តកណ្ដាល សូមធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៣ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរទៅតាមផ្លូវដែលបានបញ្ជាក់ជូនខាងលើ។ បន្ទាប់ពីស្ថានភាព ជំនន់ទឹកភ្លៀងស្រកចុះ រដ្ឋបាលខណ្ឌកំបូលនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕

ប្រភព៖ រដ្ឋបាលខណ្ឌកំបូល
- Share This Post:






