អង្គភាពជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បើកវគ្គបណ្តុះបណ្តាលពីរបៀបធ្វើមុខខ្មុកដល់កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត
- October 23, 2023
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលរបៀបធ្វើមុខខ្មុកដល់កូនល្ខោនខោលវត្តស្វាយ និងសិស្សានុសិស្សនៅសាលារៀនវត្តស្វាយអណ្តែត ខេត្តកណ្តាល ក្រោមអធិបតីរបស់ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌។

កម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះត្រូវបានរៀបចំឡើង ដើម្បីបង្រៀនដល់កូនល្ខោននៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត ព្រមទាំងអ្នកស្រុក ក្នុងគោលបំណងឱ្យពួកគេអាចធ្វើនិងជួសជុលមុខខ្មុកល្ខោនបានដោយខ្លួនឯង។ ទន្ទឹមនេះក៏អាចរកប្រាក់កម្រៃបានដែរ ដូចចាស់លោកថា “បើចេះប្រាកដ ប្រាក់រត់តាមហៅ”។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកគ្រូអ្នកគ្រូនៃនាយកដ្ឋានសិល្ប:សូនរូបនិងសិល្ប:សិប្បកម្ម ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការបង្រៀននិងធ្វើដំណើរយ៉ាងឆ្ងាយ ដោយមានឆ្លងទឹកផង ដើម្បីបុព្វហេតុដ៏មានតម្លៃនេះ។ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណចំពោះព្រឹទ្ធាចារ្យល្ខោនទាំងអស់ លោកពូផៃ ចៅសង្កាត់ និងជាប្រធានក្រុមដឹកនាំល្ខោន ហើយពិសេសជាងនេះ គឺអរព្រះគុណព្រះចៅអធិការវត្តស្វាយតែម្តង។
ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់ខាងលើនេះដែរ ឯកឧត្តមអគ្គនាយកក៏បានស្នើសុំឲ្យអ្នកចូលរួមពិសេសក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីតបស្នងចំពោះការលះបង់ប្រឹងប្រែងនៃរៀមច្បង និងដើម្បីបន្តថែរក្សានូវមរតករបស់យើងទាំងអស់គ្នា៕






ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






