ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្ដាល ប្រកាសបិទចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ១១០ ចាប់ពីស្ពានកោះធំ រហូតដល់ព្រំប្រទល់វៀតណាម

BY
Khmernote Media
October 23, 2023

ខេត្តកណ្ដាល៖ នៅថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សារយបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​បិទ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​គ្រប់​ប្រភេទ​នៅ​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១១០​ ចាប់​ពី​ស្ពាន​កោះធំ​ ត្រង់​ គ.ម​ ៦៦+០៤០​រហូត​ដល់​ គ.ម៩២+៦៣០​ ព្រំប្រទល់​ប្រទេស​វៀតណាម​ ស្ថិត​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមជម្រាបជូនថា ដោយស្ថានភាពផ្លូវខេត្តលេខ១១០ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំង ពិបាកក្នុងការធ្វើចរាចរណ៍ និងដោយសារមួយរយៈនេះអាកាសធាតុមានការប្រែប្រួលមានភ្លៀងធ្លាក់ជាប្រចាំ បណ្ដាលឱ្យមានទឹកដក់នៅលើផ្លូវបណ្តាល មកពីគ្មានប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងដោយសារមានរថយន្តដឹកទំនិញធុនធ្ងន់ជាច្រើនគ្រឿង ចរាចរណ៍ដឹក ទំនិញឆ្លងកាត់ទៅមក ដែលបណ្តាលឱ្យផ្លូវខេត្តលេខ ១១០ បច្ចុប្បន្នមានគ្រលុកច្រើន និងខូចទ្រុឌទ្រោមជាខ្លាំង។

ដូច្នេះដើម្បីជួយសម្រួលចរាចរណ៍ និងទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់គ្រប់ប្រភេទដែល បណ្តាលឱ្យខូចផ្លូវនេះកាន់តែខ្លាំងបន្ថែមទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការ បិទចរាចរណ៍រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ ១១០ ស្ថិតក្នុងស្រុក កោះធំ ខេត្តកណ្តាល ចាប់ពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។ ចំពោះរថយន្តដឹកទំនិញក្រោម ៥តោន និងរថយន្តគ្រួសារ អនុញ្ញាតឱ្យធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម ដឹកជញ្ជូនទំនិញ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសងខាងផ្លូវខាងលើ និងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាប និងជួយចូលរួមសហការអនុវត្ត ដោយក្តីអនុគ្រោះ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

Share This Post: