អន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ត្រូវចាប់ខ្លួននៅព្រលានយន្តហោះក្រុងហុងកុងពីបទកាន់កាប់អាវុធខុសច្បាប់ ខណៈរូបលោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ

BY
Pheakdey
October 24, 2023

ហុងកុង៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្នុងទីក្រុងហុងកុង ពីបទកាន់កាប់អាវុធដោយខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី២៤ ខែតុលានេះ។ អ្នកនយោបាយអាមេរិករូបនេះមានឈ្មោះថា Jeff Wilson ត្រូវបានអាជ្ញាធរហុងកុងឃាត់ខ្លួននៅឯព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport) កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា អាវុធដែលអាជ្ញាធរហុងកុងបានចោទប្រកាន់ថាជាកម្មសិទ្ធរបស់លោក Jeff Wilson នោះគឺជាកាំភ្លើងខ្លីមួយដើមដែលត្រូវបានរកឃើញនៅក្នុងកាបូបយួរដៃរបស់គាត់ ហើយភ្លាមៗក្រោយការរកឃើញនោះ លោក Jeff Wilson បានបដិសេដថា លោកមិនបានដឹងថាមានកាំភ្លើងខ្លីនៅក្នុងកាបូបរបស់គាត់នោះទេ ហើយរូបលោកក៏គ្មានហេតុផលត្រូវដាក់កាំភ្លើងខ្លីតាមខ្លួនដែរ ដ្បិតអំឡុងពេលនេះលោកកំពុងមកដើរកំសាន្តនៅតំបន់អាស៊ី​អា​គ្នេ​យ៏រយៈពេល ៥សប្តាហ៍ជាមួយនិងភរិយារបស់គាត់។ យ៉ាងណាក្តី លោក Jeff Wilson នឹងត្រូវបង្ហាញខ្លួននៅតុលាការ Sha Tin Magistrates ក្នុងទីក្រុងហុងកុងនៅថ្ងៃទី ៣០​ ខែតុលា ដើម្បីស្រាយបំភ្លឺជុំវិញករណីចម្រូងចម្រាសនេះ ខណៈរូបលោកអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ និងពិន័យជាប្រាក់ជាង ១២,០០០ដុល្លារ ប្រសិនបើតុលាការហុងកុងរកឃើញថា រូបគាត់ពិតជាបានកាន់កាប់អាវុធនោះដោយចេតនា៕

លោក Jeff Wilson 

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: