ព័ត៌មានជាតិ

ក្រសួងអប់រំ មិនអនុញ្ញាតឱ្យសិស្សប្រើទូរស័ព្ទក្នុងថ្នាក់រៀនទេ ជាពិសេសការលេងហ្គេម និងបណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធការសិក្សា

BY
Khmernote Media
October 24, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេទ្បិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ។

ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមានសារៈ សំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដូចខាងក្រោម៖

១. សកម្មភាពក្នុងថ្នាក់រៀន៖
– ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀនឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និង បណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា
– គ្រូកំពុងបង្រៀនក្នុងថ្នាក់និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកនាំឱ្យរំខានដល់ការសិក្សា។

២. សកម្មភាពក្នុងបរិវេណសាលារៀន៖
– គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹងគោលបំណងនៃការអប់រំ។
– ក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា ។
– ជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ។
– បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា។

៣. ការចូលរួមរបស់អ្នកពាក់ព័ន្ធ៖
– មាតាបិតានិងអ្នកអាណាព្យាបាលត្រូវចូលរួម តាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃនិង ឧបករណ៍អេឡិចត្រូនិករបស់កូនចៅ ឱ្យស្របតាមគោលបំណងនៃការអប់រំ
– មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និង ការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ ៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

Share This Post: