អ៊ីស្រាអែលត្រៀមវាយលុកចូលតំបន់ហ្គាហ្សា ខណៈរុស្ស៊ីព្រមានថាជម្លោះនេះអាចរាលដាលហួសពីតំបន់មជ្ឈិមបូព៌ា
ហ្គាហ្សា៖ កងម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់នៅតំបន់ហ្គាហ្សា និងបានប្រកាសត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយលុកចូលក្នុងតំបន់មួយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ។ ស្របពេលជាមួយគេនេះមេដឹកនាំនៃប្រទេសរុស្ស៊ី គឺលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានព្រមានថា ជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលអាចនឹងរាលដាលហួសពីតំបន់មជ្ឈិមបូព៌ា។

ប្រភពខាងលើបានបន្តថា នៅពេលដែលកងកម្លាំងអ៊ីស្រាអែលបន្តវាយលុកកាន់តែខ្លាំងនៅតំបន់ហ្គាហ្សានោះ ពលរដ្ឋស៊ីវិលប៉ាឡេស៊ីនជាច្រើននាក់បានរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ មានទាំងអ្នកត្រូវស្លាប់បាត់បង់ជីវិត អ្នករងរបួស អ្នកខ្វះខាតអាហារសម្រាប់ទទួលទាន គ្មានកន្លែងស្នាក់នៅសមរម្យ និងគ្មានថ្នាំពេទ្យគ្រប់គ្រាន់សម្រាប់ព្យបាលជំងឺជាដើម។ អ្វីដែលកាន់តែអាក្រក់ទៀតនោះគឺជំនួយមនុស្សធម៌ដែលប្រទេសធំៗជាច្រើនត្រូវបញ្ជូនទៅកាន់តំបន់ហ្គាហ្សាសម្រាប់ជួយជនរងគ្រោះនោះគឺមិនបានដឹកជញ្ជូនទៅដោយរលូននិងទៅដល់ដៃជនរងគ្រោះដោយពេញលេញឡើយ ដ្បិតភាគីខាងអ៊ីស្រាអែលនិងក្រុមហាម៉ាសមិនបានផ្អាកឈប់បាញ់គ្នាតាមការសន្យានោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia