មន្ទីរសាធារណការខេត្តកណ្ដាល ប្រកាសបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ រយៈពេល២ថ្ងៃ ដើម្បីរៀបចំពិធីប្រណាំងទូក
- October 26, 2023
ខេត្តកណ្ដាល៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្តីពីការបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូន តាមបណ្ដោយទន្លេបាសាក់ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមជម្រាបថា រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលចំនួន ០១ថ្ងៃ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ។
ដើម្បីឱ្យការប្រារព្ធពិធីប្រណាំងទូក ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍ ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្ដោយទន្លេបាសាក់ ចាប់ពីវិហារអ្នកតាសានថៃជី ដល់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ(ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលចំនួន ០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ ៕


- Share This Post:






