ក្រសួងសុខាភិបាល អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ទាក់ទងនឹងការផ្សាយព័ត៌មានមិនពិត
- October 27, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបានសរសេរមានខ្លឹមសារថា៖ “ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥”។

ប្រភពដដែល បានបន្ថែមថា ការចុះផ្សាយព័ត៌មានបំភ្លៃនេះ បានធ្វើឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។
ទន្ទឹមនឹងនេះ ក្រសួង ក៏បានស្នើដល់ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






