ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទឆ្លងកាត់ចូលក្រុង រយៈពេល ២ថ្ងៃ ដើម្បីរៀបចំពិធីប្រណាំងទូក

BY
Khmernote Media
October 27, 2023

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ឱ្យបានជ្រាបថា៖ នៅថ្ងៃសៅរ៍ ដល់ ថ្ងៃអាទិត្យ ១៤ ដល់ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកខេត្ត នៅចំណុចស្ពានស្ទឹងសែន ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តកំពង់ធំ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់ផ្លូវចូលក្រុងចាប់ពីរង្វង់មូលតាក្រហមក រហូតដល់ រូបសំណាកលោកតាអាចារ្យលាក់ រយៈពេល ០២ថ្ងៃ តាមពេលវេលាកំណត់ដូចខាងក្រោម៖

– ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១១:០០ នាទីព្រឹក រហូតដល់ម៉ោង ១២:០០ យប់
– ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១១:០០ នាទីព្រឹក រហូតដល់ម៉ោង ១២:០០ យប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវ ជាតិលេខ៦ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរចូលក្រុងឆ្លងកាត់ទីតាំងប្រារព្ធពិធី តាមកាលបរិច្ឆេទខាងលើ ដោយក្តីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្ត នឹងបើកឱ្យចរាចរជាធម្មតាវិញ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

Share This Post: