កីឡាករពិការ ខូយ កុយ ប្រជែងបានលេខ២ ក្នុងស៊េរី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ កីឡាអាស៊ីប៉ារ៉ាហ្គេម នៅចិន
- October 27, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា កីឡាករពិការហែលទឹកជម្រើសជាតិកម្ពុជា ខូយ កុយ ប្រជែងបានចំណាត់ថ្នាក់លេខ២ ក្នុងស៊េរី លើវិញ្ញាសាចុងក្រោយរបស់ខ្លួន ហែលសេរី ៥០ម៉ែត្រ ដោយធ្វើសម្រេចក្នុងថិរៈវេលា ៣៤:២៥ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ទីក្រុងហាន់ចូវ ប្រទេសចិន និងត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅវេលាម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃដដែលនេះ។

លោក អ៊ូ គង់ គ្រូបង្វឹកជម្រើសជាតិហែលទឹកជនពិការកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៧តុលានេះពីកន្លែងប្រកួត ទីក្រុងហាន់ចូវ មកថា កីឡាករពិការ ខូយ កុយ ប្រកួតលើវិញ្ញាសាហែល ៥០ម៉ែត្រសេរីនេះ គឺប្រកួតក្នុងការវាយតម្លៃកម្រិតពិការ S7 ហើយតាមរយៈលទ្ធផលប្រកួត នៅព្រឹកនេះ គឺជាលទ្ធផលល្អមួយ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ២ ក្នុងស៊េរី ហើយត្រូវឡើងទៅប្រកួតដណ្តើមមេដាយ ក្នុងវគ្គផ្តាច់ព្រ័ត្រ៨នាក់ចុងក្រោយ ដើម្បីប្រជែងមេដាយ។ កីឡាករ ខូយ កុយ លើវិញ្ញាសា៥០ម៉ែត្រ សេរី S7 នេះធ្វើបានក្នុងថិរៈវេលាថ្មី នៅព្រឹកនេះ គឺ ៣៤:២៥ ដែលបានបំបែកកំណត់ត្រាចាស់ ៣៤:៩០ ហើយប្រសិនបើ នៅវគ្គផ្តាច់ព្រ័ត្រ ល្ងាចថ្ងៃទី២៧ ខែតុលានេះ កីឡាករ ខូយ កុយ ធ្វើបានល្អ ដោយបំបែកកំណត់ត្រាថ្មីចុងក្រោយនេះទៀត ត្រឹមថិរៈវេលា ៣២ វិទាទី នោះកីឡាករ ខូយ កុយ នឹងអាចស្ថិតក្នុងកម្រិតមេដាយសំរឹទ្ធ១គ្រឿងផងដែរ។
កីឡាករហែលទឹករបស់កម្ពុជាតែម្នាក់គត់ ដែលលេងលើ២វិញ្ញាសារូបនេះបានបញ្ចប់លើវិញ្ញាសាទី១របស់ខ្លួន កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ម្សិលមិញ គឺវិញ្ញាសាហែល ១០០ម៉ែត្រកង្កែប កម្រិតពិការ SB6 ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយមិនទទួលបានមេដាយនោះទេ ខណៈចំណាត់លេខ១ លេខ២ និងលេខ៣ បានទៅម្ចាស់ផ្ទះចិនទាំង៣នាក់។
លោក អ៊ូ គង់ បានបន្ថែមថា បើទោះបីជាកីឡាករហែលទឹកពិការកម្ពុជាមិនទទួលបានមេដាយ លើវិញ្ញាសាទី១របស់ខ្លួន ម្សិលមិញ ប៉ុន្តែកីឡាកររូបនេះបានធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួត ដែលមានអត្តពលិកមានពិការភាពខ្លាំងៗ នៅក្នុងទ្វីបអាស៊ីទាំងមូលបានចូលរួម។
គួររម្លឹកថា កីឡាករ ខូយ កុយ គឺជាម្ចាស់មេដាយប្រាក់ ២ជំនាន់ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែមិថុនា ឆ្នាំ២០២៣ ជាប្រវត្តិសាសស្ត្រដំបូងក្នុងការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា៕



ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- Share This Post:






