ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឱ្យរៀបចំពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធមនៅឆ្នាំនេះ

BY
Khmernote Media
October 28, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០២៣ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបញ្ហាមួយចំនួនក្នុងនោះសម្តេចធិបតីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរៀបចំពិធីបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋប្រកបដោយសន្តិសុខនិងសុវត្ថិភាពល្អ ។

សម្តេចបានថ្លែងអំណរគុណគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងស្ថាប័នពាក់ព័ន្ធដែលបានអន្តរាគមទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និង បានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានគ្រប់ពេលវេលា។ សម្ដេចធិបតីបានណែនាំឱ្យស្ថាប័នពាក់ព័ន្ធស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការខូចខាតដោយទឹកជំនន់និងផ្ដល់ស្រូវពូជដល់ប្រជាកសិករដើម្បីចាប់ផ្ដើមការដាំដុះ ឡើងវិញ។ សម្ដេចធិបតីក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឱ្យបានល្អិតល្អន់ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគតនៅតំបន់ណាដែលអាចកាត់បន្ថយឬបញ្ចៀសបាន។

ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបង្កើនសកម្មភាពទាក់ទាញទេសចរណ៍ជាពិសេសពង្រឹងការគ្រប់គ្រងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share This Post: