ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ផ្អាកមិនឱ្យចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច «ស្ពានបណ្ដែតទឹក» នៅថ្ងៃទី៤ ខែវិច្ឆិកា

BY
Khmernote Media
October 28, 2023

ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច «ស្ពានបណ្ដែតទឹក» នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។

អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនថា ក្នុងគោលដៅដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធី។

នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច ចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកចូលខាងកើតបានជាធម្មតា ដូចមានផែនទីជូនភ្ជាប់មកជាមួយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអនុវត្តដោយអនុគ្រោះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: