ជប៉ុនសម្រេចហាមឃាត់មិនឲ្យមានការជួបជុំទទួលទានគ្រឿងស្រវឹងនៅតំបន់ទេសចរណ៍ក្នុងទីក្រុងតូក្យូដើម្បីបញ្ចៀសហានិភ័យផ្សេងៗក្នុងពិធីបុណ្យ Halloween
- BY
- Pheakdey
- October 28, 2023
ជប៉ុន៖ អាជ្ញាធរជប៉ុនបានដាក់ចេញបំរាមដ៏តឹងរឹងនិងបន្ទាន់មួយដោយហាមឃាត់មិនឲ្យមានការជួបជុំនិងទទួលទានគ្រឿងស្រវឹងនៅតំបន់ទេសចរណ៍ Shibuya ក្នុងទីក្រុងតូក្យូនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការហាមឃាត់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចៀសការប្រមូលផ្តុំមនុស្សនៅក្នុងឱកាសនៃពិធីបុណ្យ Halloween ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី ៣១ ខែតុលានេះ។

បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ការសម្រេចទប់ស្កាត់មិនឲ្យមានការជួបជុំគ្នានៅក្នុងពិធីបុណ្យ Halloween នេះ គឺដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ ដូចជាព្រឹត្តិការណ៍ដែលធ្លាប់កើតមាននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលខែតុលា ឆ្នាំមុនជាដើម។ គួររម្លឹកជូនថា ក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យ Halloween កាលពីឆ្នាំមុនគឺហេតុការណ៍រត់ជាន់គ្នាគួរឲ្យរន្ធត់មួយបានកើតមានឡើងនៅចំកណ្តាលទីក្រុងសេអ៊ូល និងបានបណ្តាលឲ្យមានមនុស្ស ១៦០នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






